ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបវ៉ាជែងជ្រុលទៅបុកម៉ូតូមួយគ្រឿងចំពីមុខពេញទំហឹងបណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៤ ខែកក្កដាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវលេខ១៩៨ មុខយានដ្ឋាន(PAC) ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាកហ្វតរ៉េនជ័រពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AY-3178 រួមដំណើរជាមួយបុរសពីរនាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៨ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបានវ៉ាជែងកង់បីមួយគ្រឿងជ្រុលទៅបុកម៉ូតូម៉ាកហុងដាបីតពណ៌សលាយខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 1Q-5185 ជិះដោយបុរសពីរនាក់ធ្វើដំណើរបញ្ច្រាសទិសគ្នា ចំពីមុខពេញទំហឹងបណ្តាល ឲ្យបុរសពីរនាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ