ចាប់ចោរជិះឡំប្រឺតា២នាក់ចូលគាស់ទូព្រះចៅអធិការវត្តយកព្រះពុទ្ធបដិមាចំនួន១៤អង្គនៅក្នុងវត្តព្រៃច្បារស្រុកព្រះស្តេច

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០ សមត្ថកិច្ចបានស្ទាក់ចាប់និងឃាត់ខ្លួនបានជនសង្ស័យពីរនាក់ ខណៈដែលពួកគេព្យាយាមជិះឡំប្រឺតារត់គេចខ្លួន បន្ទាប់ពីបានចូលលួចគាស់ទូដាក់ព្រះពុទ្ធបដិមាចំនួន១៤អង្គ​នៅលើកុដិនៃវត្តព្រៃច្បារ ស្ថិតក្នុងភូមិស្រះថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះគឺក្រោយពេលក្រុមជនល្មើសធ្វើសកម្មភាពលួចព្រះពុទ្ធបដិមាបានសម្រេចរួចមក ព្រះគ្រូចៅអធិការវត្តព្រៃច្បារ ដោយមានការសង្ស័យក៏បានទូរស័ព្ទរាយការណ៍ប្តឹងមកសមត្ថកិច្ច។ 

ពេលទទួលបានសេចក្ដីរាយការណ៍ភ្លាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់សឹង សហការជាមួយប្រជាការពារ​ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជៃ សេងហ៊ាង អធិការនៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច បានដេញតាមស្ទាក់ចាប់បានជនសង្ស័យ២នាក់រួមនឹងវត្ថុតាងផងដែរ នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣ខែកក្កដាឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ១ ក្នុងភូមិក្រាំងក្អុក​ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ជនសង្ស័យមានឈ្មោះទី១-ឈ្មោះ សាម​ វី​ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ មានទីលំនៅភូមិបឹងឈូក​ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទី២-ឈ្មោះ គង់​ ហ្វារឹត ភេទប្រុស​ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិបឹងឈូក សង្កាត់​លេខ​៦ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។ 

ករណីនេះសមត្ថកិច្ចចាប់បានវត្ថុតាងមាន៖

១-ឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IH-2437

២-ព្រះពុទ្ធបដិមា១៤អង្គ

៣-ឧបករណ៍សម្រាប់គាស់ទ្វារ

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច និងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print