អន្តរជាតិ៖ យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០នេះថាយ៉ាងហោចណាស់មានមនុស្ស ០៤នាក់ បានបាត់បង់ជីវិត នៅក្នុងករណីធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿង ស្ថិតនៅតំបន់ភ្នំហ្វកខេនយ៉ុន(Fork Canyon) ស្ថិតនៅរដ្ឋយូតាហ៍ (Utah) សហរដ្ឋអាមេរិក ។
បើតាមប្រភពព័ត៍មានពីមន្ត្រីប្រចាំរដ្ឋ Utah បានប្រាប់សារព័ត៌មានក្នុងតំបន់ថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃសុក្រ(ពេលវេលាក្នុងតំបន់) នៅចំណុចមួយនៃតំបន់ ប្រជុំភ្នំ Fork Canyon ដែលមានឈ្មោះថា បុកអ៊ែលដឺភីក (Box Elder Peak) មានកម្ពស់រហូតដល់ទៅ ៣,៣៨៣ម៉ែត្រ។
មន្រ្តីដដែល បានបន្តទៀតថា មនុស្សជិះនៅលើយន្តហោះខ្នាតតូចនោះ ទាំងអស់ ០៤នាក់គឺបានបាត់បង់ជីវិតទាំងអស់ ប៉ុន្តែក្រុមជំនាញនៅតែកំពុងធ្វើការអង្កេតនៅកន្លែងកើតហេតុ ដើម្បីស្វែងយល់អំពីមូលហេតុ ដែលបង្កការធ្លាក់ខាងលើនេះនៅឡើយ។
សូមជម្រាបថា តំបន់ខាងលើនេះ គឺត្រូវបានចាត់ទុកជាកន្លែងទេសចរណ៍ ដ៏ពេញនិយមសម្រាប់រដ្ឋ Utah ជាពិសេសសម្រាប់អ្នកថត Selfie និងវីដេអូផ្សងព្រេងជាដើម៕ដោយ៖ស តារា