អន្តរជាតិ៖ ខណៈតំបន់ភាគខាងត្បូង នៃប្រទេសឥណ្ឌា កំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់ បង្កឡើងដោយភ្លៀងមូសុងនោះ អាជ្ញាធរសុខាភិបាលឥណ្ឌា កាលពីថ្ងៃសៅរ៍ទី៤ ខែកក្កដានេះ បានប្រកាសថា៖ ប្រទេសខ្លួនរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន២២,០០០នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ហើយការឆ្លងបានកើនឡើងខ្លាំង នៅតំបន់ភាគខាងលិចផងដែរ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលឥណ្ឌា បានឱ្យដឹងទៀតថា ក្នុងពេលតែមួយនោះ ក៏មានអ្នកជំងឺ ៤៤២នាក់ ក៏បានស្លាប់ផងដែរ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ១៨,៦៩៥នាក់ និងជាសះស្បើយឡើងវិញ ៣៩៥,៥៧៨នាក់។ បើបូកបញ្ចូលករណីឆ្លងថ្មីខាងលើ ធ្វើឱ្យអ្នកឆ្លង COVID-19 សរុបទូទាំងប្រទេសកើនលើស ៦៤០,០០០នាក់។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសឥណ្ឌា គឺជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនលំដាប់ទី៤ នៅលើពិភពលោក តាមពីក្រោយរុស្ស៊ី, ប្រេស៊ីល និងសហរដ្ឋអាមេរិក៕ដោយ៖ស តារា