អន្តរជាតិ៖ តារាចម្រៀងរ៉េបអាមេរិក Kayne West ជាអ្នកគាំទ្រម្នាក់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៤ ខែកក្កដាម្សិលមិញនេះលោក បានប្រកាសចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដែលធ្វើនៅខែវិច្ឆិកាខាងមុខ។ ប៉ុន្តែលោកKayne West មិនបានបញ្ជាក់ឲ្យច្បាស់ពីមូលហេតុដែលនាំឲ្យរូបគាត់ ចូលរួមក្នុងការបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីអាមេរិកនោះឡើយ។
តារាចម្រៀងស្បែកខ្មៅអាមេរិក Kayne West សរសេរបែបនេះនៅលើបណ្ដាញសង្គម Twitter របស់ខ្លួននៅថ្ងៃទី៤ ខែកក្កដា ពេលប្រកាសចូលប្រជែងកៅអីប្រធានាធិបតីអាមេរិកថា «ឥឡូវនេះ យើងត្រូវតែធ្វើឲ្យលេចជារូបរាងការសន្យារបស់អាមេរិកតាមរយៈការជឿលើព្រះ បង្រួបង្រួមទស្សនៈរបស់យើង និងពូនជ្រំអនាគតរបស់យើង។» (We must now realize the promise of America by trusting God, unifying our vision and building our future. I am running for president of the United States) ។
យ៉ាងណាមិញ West មិនបានប្រាប់ឲ្យលម្អិតថា អ្វីដែលខ្លួនប្រកាសនេះ ជារឿងមែនទែនឡើយ ហើយក៏មិនបញ្ជាក់ថា បានដាក់ពាក្យជាផ្លូវការដើម្បីឈរឈ្មោះដែរ។ ប៉ុន្តែសម្រាប់បេក្ខជនឯករាជ្យ ការឈរឈ្មោះនៅមិនទាន់បិទនៅឡើយទេ។ បើសិនតារាចម្រៀងរូបនេះដាក់លិខិតមែននោះ រូបគេត្រូវប្រជែងជាមួយបេក្ខជនបក្សធំៗទាំងពីរ គឺសាធារណរដ្ឋ និងប្រជាធិបតេយ្យ។
សូមជម្រាបថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បច្ចុប្បន្ន នឹងតំណាងបក្សសាធារណរដ្ឋ ឯតំណាងបក្សប្រជាធិបតេយ្យ គឺលោកចូ បៃឌិន ប៉ុន្តែមិនទាន់ទទួលបានការតែងតាំងជាផ្លូវការពីបក្សនៅឡើយ។ ភ្លាមៗក្រោយអ្នកចម្រៀងរ៉េបល្បីឈ្មោះរូបនេះប្រកាសដំណឹងប្រជែងកៅអីប្រធានាធិបតី មហាសេដ្ឋីអាមេរិក និងម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk ក៏ប្រកាសគាំទ្រភ្លាមដែរ។
គួរបញ្ជាក់ថា គិតត្រឹមខែកក្កដានេះ ការបោះឆ្នោតអាមេរិកនៅបួនខែទៀតប៉ុណ្ណោះ។ ប៉ុន្តែការរាលដាលខ្លាំងជំងឺ COVID-19 ទំនងជាបង្កបញ្ហាដល់ការរៀបចំការបោះឆ្នោតលើកនេះ ខណៈលោក បៃឌិន មានសំឡេងនាំមុខលោក ត្រាំ ក្នុងការស្ទង់មតិកន្លងមក។ អាមេរិក កំពុងគិតគូររកផ្លូវដើម្បីឲ្យការបោះឆ្នោតនេះធ្វើឡើងដោយរលូន ក្នុងនោះក៏មានការបោះឆ្នោតតាមអ៊ីមែលផងដែរ៕ ដោយ៖ស តារា