ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារជិះម៉ូតូ បុកជាមួយរថយន្តមិនស្គាល់ម៉ាក ខណៈកំពុងធ្វើដំណើរច្រាសទិសគ្នា ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗខាងលើ នេះបានកើតឡើងនៅវេលាម៉ោង៧ និង១០នាទី យប់ថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូត្រង់ម្ដុំសាងម៉ាង ស្ថិតក្នុងភូមិ-ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
មុនកើតហេតុគេឃើញឈ្មោះ អ៊ុំ អាន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិសំរោងទី២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្តធុនតូច១គ្រឿង បណ្ដាលឲ្យបុើងទាំងមនុស្សទាំងម៉ូតូចូលសែ្រស្លាប់ភ្លាមៗ ឯរថយន្តបង្កទំនងឃើញសភាពការណ៍មិល្អ បានបន្ថែមល្បឿនឆ្ពោះទៅទិសខាងលិចបាត់ស្រមោល ។
ករណីខាងលើ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក សហការគ្នាចុះពិនិត្យនិងស្រាវជ្រាវដើម្បីធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ចំពោះរថយន្តបង្កយើងបន្តធ្វើការស្រាវជ្រាវ នេះបើយោងតាមការបញ្ជាក់ពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ៕ ដោយៈ បុឹម ពិន