ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកឧបករណ៍ធ្វើតេស្ត រកមេរោគកូវីដ-១៩ ចំនួន ៤០០០ ឈុត (Kits) ជាអំណោយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅប្រគល់ជូនក្រសួងសុខាភិបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
សូមជម្រាបជូនថា៖ ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ នេះ ជាឧបករណ៍ផលិតឡើងតាមបច្ចេកវិជ្ជា របស់សាធារណរដ្ឋកូរ៉េ ប្រគល់ជូនក្រសួងសុខាភិបាលជាប្រយោជន៍សាធារណៈ ដើម្បីចូលរួមបង្ការ និង ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩។
លើសពីនេះទៀត ការប្រគល់អំណោយជាសម្ភារនេះគឺជាការបង្ហាញនូវកិច្ចសហប្រតិបត្តិការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយសាមគ្គីភាព និងគុណធម៌ដែលអាចឆ្លើយតបទៅនឹងការរួមគ្នាប្រយុទ្ធ ប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលជាបញ្ហាប្រឈមរបស់សកលលោក៕
ដោយ៖ សិលា