អន្តរជាតិ៖ លោកស្រី អេកណែស ខាលឡាម៉ាដ (Agnes Callamard) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានលើកឡើងយ៉ាងដូច្នេះថា ៖ «ទោះបីជាឧត្តមសេនីយ៍ Soleimani ជាអ្នកទទួលខុសត្រូវចំពោះយុទ្ធសាស្ត្រ និងសកម្មភាពយោធារបស់អ៉ីរ៉ង់នៅប្រទេសស៊ីរី និងអ៉ីរ៉ាក់ពិតប្រាកដមែន ប៉ុន្តែក្នុងករណីដែលគ្មានការគំរាមកំហែងជាក់ស្តែងទេនោះ សកម្មភាពយោធារបស់សហរដ្ឋអាមេរិក គឺជារឿងខុសច្បាប់»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។
លោកស្រី Agnes Callamard បានសង្កត់ធ្ងន់ថា «ពិភពលោកកំពុងស្ថិតក្នុងគ្រាដ៏លំបាក។ វាជាចំណុចរបត់ថ្មីមួយ នៅពេលពួកគេបានប្រើប្រាស់យន្តហោះដ្រូន សម្រាប់ធ្វើការវាយប្រហារ។ ចំណែកឯក្រុមប្រឹក្សាសន្តិសុខវិញ គឺគ្មានធ្វើអ្វីសោះចំពោះរឿងនេះ ខណៈសហគមន៍អន្តរជាតិភាគច្រើន ទោះចង់ ឬមិនចង់គឺនៅស្ងៀមដូចគ្នាដែរ»។ លោកស្រី បន្ថែមថា ការវាយឆ្មក់ដោយយន្តហោះដ្រូនគ្មានមនុស្សបើកកាលពីថ្ងៃទី០៣ ខែមករា កន្លងទៅនេះ គឺជាហេតុការណ៍ដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រ ដែលរដ្ឋមួយនិយាយអំពីការការពារខ្លួន ដើម្បីជាលេសសម្រាប់ការវាយប្រហារ ទៅលើអ្នកតំណាងនៃរដ្ឋមួយទៀត នៅលើទឹកដីរបស់ប្រទេសទី ៣។
ទីភ្នាក់ងារសារព័ត៌មាន Reuters និយាយទៀតថា ក្រុមអ្នកអង្កេតការណ៍ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) បានគូសបញ្ជាក់ថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់កាលពីខែមករាកន្លងទៅនេះ ដែលបានសម្លាប់ឧត្តមសេនីយ៍អ៉ីរ៉ង់លោក កាសិម សូឡៃមេនី (Qassem Soleimani) និងមនុស្ស ០៩នាក់ផ្សេងទៀត គឺជាទង្វើរំលោភច្បាប់អន្តរជាតិ។
លោកស្រី Callamard ក៏បានធ្វើការកត់សម្គាល់នៅក្នុងរបាយការណ៍មួយថា សហរដ្ឋអាមេរិកមិនបានផ្តល់ភ័ស្តុតាង ឬក៏មូលហេតុគ្រប់គ្រាន់សម្រាប់ការបើកប្រតិបត្តិការ វាយប្រហារភ្លាមៗទៅលើក្បួនរថយន្តរបស់លោក Soleimani នៅពេលដែលពួកគេបានចាកចេញ ពីអាកាសយានដ្ឋានទីក្រុងបាកដាដនោះទេ។
គួរជម្រាបថា លោក Soleimani គឺមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តអ៉ីរ៉ង់ហៅថា គូដស៍ (Quds) និងជាឥស្សរជនសំខាន់បំផុត ក្នុងការរៀបចំយុទ្ធនាការអ៉ីរ៉ង់ ដើម្បីបណ្ដេញកងទ័ពអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់ និងជាអ្នកដែលបានបង្កើត បណ្តាញជាដៃជើងអ៉ីរ៉ង់ជាច្រើននៅទូទាំងមជ្ឈិមបូព៌ា។ ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ ឧត្តមសេនីយ៍អ៉ីរ៉ង់រូបនេះថា គឺជាមេក្លោងដែលកំពុងរៀបចំផែនការវាយប្រហារ លើកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងតំបន់៕ដោយ៖ស តារា