អន្តរជាតិ៖ រថយន្តក្រុងដឹកអ្នកដំណើររបស់ប្រទេសចិនមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរេចង្កូតទៅបុកជាមួយរបាំងផ្លូវហើយធ្លាក់ចូលទឹកបឹងមួយកន្លែង ធ្វើឲ្យអ្នកដំណើរចំនួន ២១នាក់បានស្លាប់ និង ១៥នាក់ទៀតរងរបួស កាលពីថ្ងៃអង្គារ ទី៧ ខែកក្កដាម្សិលមិញនេះ ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC ថ្ងៃទី ៨ ខែកក្កដា។
ទីភ្នាក់ងារសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី ៨ ខែកក្កដានេះថា មានករណីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានធ្វើដំណើរនៅលើស្ពានមួយ ក្នុងទីក្រុង Anshun ខេត្ត Guizhou ស្រាប់តែមកដល់កន្លែងកើតហេតុ រថយន្តក៏បានរេចង្កូតទៅបុកជាមួយរបាំងផ្លូវ ហើយធ្លាក់ចូលទឹកតែម្តង។ ក្រោយហេតុការណ៍នេះ មានក្រុមអ្នកជួយសង្គ្រោះប្រហែល ១៤១នាក់ ក្នុងនោះមានអ្នកមុជទឹក ១៩នាក់ ត្រូវបានគេបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីធ្វើប្រតិបត្តិការស្វែងរង និងជួយសង្គ្រោះអ្នកដែលជាប់នៅខាងក្នុងរថយន្តផងដែរ ។
ប្រភពដដែលបន្តថា ក្នុងចំណោមអ្នកដំណើរទាំងអស់ ក្នុងនោះមានសិស្សមួយចំនួន ត្រៀមប្រឡងចូលសកលវិទ្យាល័យដែរ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានការអះអាងថា នៅក្នុងរថយន្តមានអ្នកដំណើរប៉ុន្មាននាក់នោះទេ គ្រាន់តែជាក់ស្តែង គេរកឃើញមនុស្ស ២១នាក់ស្លាប់ និង ១៥នាក់ទៀតរងរបួស។ ចំណែកមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ក៏កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ក្រុមមន្ត្រីជំនាញផងដែរ ៕ដោយ៖ស តារា