សងគុណឪពុក ប្រេីដំបងឬស្សីវាយឲ្យរបួសយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំឃាត់ខ្លួនជនសង្ស័យ ១នាក់ក្រោយសំពងឪពុកបង្កើតនឹងព្រនង់ឬស្សី បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ករណីឃាត់ខ្លួនកូនរមើសគុណវាយឪពុកបង្កើតខាងលើនេះ ធ្វើឡើងក្រោយទទួលបណ្ដឹងរបស់ជនរងរបួសជា(ឪពុកបង្កើត)ឈ្មោះ បុក អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ។

នគរបាលស្រុកក្រគរប្រាប់ថា ជនសង្ស័យដៃដល់វាយឪពុកបង្កើតបណ្ដាលឲ្យរងរបួសយ៉ាងដំណុំខាងលើ ឈ្មោះ បុក ធុល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ..ឃុំកើតហេតុ ។

នគរបាលស្រុកខាងលើបន្តថា ក្នុងបណ្ដឹងបុរសជាឪពុកបានរាប នៅវេលាម៉ោង៩ និង៤០នាទី ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ កូនប្រុសរមើសគុណរូបនេះអង្គុយលើអង្រឹងក្រោមផ្ទះ ស្រាប់តែទាញព្រនង់ឬស្សីប្រវែងប្រមាណកន្លះម៉ែត្រ មកសំពងគាត់ចំក្បាល និងគុម្ពត្រចៀកបណ្ដាលបែកហូរឈាម ព្រមទាំងចំខ្លួនប្រាណផងដែរ ថែមទាំងគំរាមអ្នកក្បែខាងបើហ៊ានប្ដឹងសមត្ថកិច្ច ក្រោយធ្វើសកម្មភាពជិះម៉ូតូចេញទៅបាត់ ។

នគរបាលស្រុកដដែលបន្តទៀតថា ជនរងរបួសជាឪពុកបានអ្នកក្បែខាងគ្នាបញ្ជូនទៅព្យាបាល ចំពោះជនសង្ស័យដៃដល់(បុក ធុល) បានបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print