ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចនិងមន្ត្រីជំនាញប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងភ្នំព្រិចហាក់ដូចជាគ្មានសមត្ថភាពក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើនៅទីនោះបានឡើយដោយបទល្មើសនៅតែបន្តកើតមានយ៉ាងពេញបន្ទុកដដែល ពោលគឺបង្ក្រាបមិនចេះអស់នៅតែបណ្តែតបណ្តោយឱ្យពួកក្រុមឈ្មួញប្រើមធ្យោបាយគ្រប់រូបភាពដើម្បីដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងក្នុងស្រុកកែវសីមា ហើយដែលគេសង្ស័យថាជាមុខសញ្ញាចាស់តែដដែលៗ។
តាមប្រភពបានបង្ហើបថា មានបុគ្គលខ្លះដោយសារតែខ្លួនធ្លាប់ដឹកឈើរាប់ឆ្នាំមកហើយនោះគឺនៅមិនសុខទេ ទោះបីជា
មានកម្លាំងសមត្ថកិច្ចបង្ក្រាបយ៉ាងណាក៏ដោយក៏នៅតែរិះរកគ្រប់មធ្យោបាយដើម្បីប្រព្រឹត្តដដែលដោយពួកក្រុមឈ្មួញទាំងនោះធ្លាប់បានស្គាល់គ្រប់មន្ត្រីជំនាញអស់ហើយ។
ប្រភពដដែលបង្ហើបទៀតថា ពិតមែនតែពូកក្រុមឈ្មួញហ៊ានដឹកឈើទាំងថ្ងៃទាំងយប់កាត់មុខស្នាក់ការបរិស្ថានកែវសីមានិងដែនបរិស្ថានភ្នំព្រិចស្ថិតក្នុងឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរីនោះក្តីក៏ក្រុមមន្ត្រីទាំងឡាយនោះមិនខ្ចីបង្ក្រាបដែរលើកលែងតែមានកម្លាំងចម្រុះចុះមកទើបហែហមអមដំណើរប្រើទស្សនៈធនញ្ជ័យហៃអើៗតាមគេ។
ជាក់ស្ដែងនៅវេលាម៉ោង ២សៀលថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២០នេះមានក្រុមម៉ូតូដឹកឈើមួយក្រុមបាននាំគ្នាដឹកឈើទាំងថ្ងៃកាត់មុខស្នាក់ការបរិស្ថានជាហូរហែដោយគ្មានការខ្លាចញញើតសមត្ថកិច្ចបន្តិចណាសោះឡើយ ។
ទោះជាមានក្រុមអ្នកកាសែតបានទូរស័ព្ទសុំការបំភ្លឺពីលោក ខាង សឿង នាយរងស្នាក់ការដែនបរិស្ថានក្តី តែបែរជាលោកឆ្លើយតបមកវិញថា មិនបានដឹងនិងមិនបានឃើញទេ ដូច្នេះកុំថាឡើយអ្នកកាសែតជាបន្លាក្នុងភ្នែករបស់ក្រុមលោកសូម្បីតែប្រជាពលរដ្ឋក៏មានការសង្ស័យដែរតែក្រុមមន្រ្តីដែនបរិស្ថានដែលត្រូវផ្សែងបង្ហូរទឹកភ្នែកពីក្រុមឈ្មួញឈើទាំងនោះមើលមិនឃើញម៉ូតូដឹកឈើទាំងនោះដដែល តែយ៉ាងណាក៏ឮសំឡេងលាន់រំពងព្រៃពេញឃុំស្រែឈួកនេះដែរ។
បើតាមការអង្គុយរាប់លេងៗត្រួសៗក្នុងមួយថ្ងៃគឺមិនក្រោមពី៣០ទៅ៥០ម៉ូតូទេដែលឆ្លងកាត់ស្នាក់ការដែនបរិស្ថានក្នងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នេះ៕