ភ្នំពេញ៖ រោងភាពយន្តទំនើបនៅកម្ពុជាត្រូវបានផ្អាកដំណើរការជាច្រើនខែមកហើយក្រោយពីការរីករាលដាលនៃជំងឺកូវីដ១៩។រោងភាពយន្តទូទាំងប្រទេសនឹងអាចបើកដំណើរការជាថ្មី ក្រោយមានការសម្រេចចុងក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
រោងភាពយន្តទូទាំងប្រទេសកម្ពុជា បានផ្អាកដំណើរការជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ។ ដំណឹងនៃការបើកដំណើរការឡើងវិញនេះបានធ្វើឲ្យផលិតករភាពយន្តបញ្ចេញសារសាទរជាច្រើនស្របពេលដែលផលិតករក្នុងស្រុកបានបង្ហាញពីក្តីកង្វល់នៃការបាត់បង់ប្រាក់ចំណូលពីការចាក់បញ្ចាំងពភាពយន្តរបស់ខ្លួននៅលើរោងភាពយន្ត។
លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ រាជធានីភ្នំពេញបានបញ្ជាក់ថា ខណៈពេលពុំទាន់មានការសម្រេចពីថ្នាក់ដឹកនាំ រោងភាពយន្តទាំងអស់គឺនៅតែបន្តផ្អាកដំណើរការដដែល។ ទោះជាយ៉ាងណាតាមរយៈកិច្ចប្រជុំរវាងក្រសួងវប្បធម៌ និងក្រសួងសុខាភិបាលកាលពីថ្មីៗនេះ ក្រសួងទាំងពីរបានសម្រេចឯកភាព និងដាក់របាយការណ៍ជូនសម្ដេច តេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំដើម្បីធ្វើការសម្រេចចុងក្រោយ ថាត្រូវអនុញ្ញាតឱ្យរោងភាពយន្តទូទាំងប្រទេសបើកដំណើរការឡើងវិញ រឺនៅបន្តបិទជាបណ្ដោះអាសន្ន នោះ។
លោកបន្តថា ក្នុងករណីប្រមុខថ្នាក់ដឹកនាំសម្រេចអនុញ្ញាតឱ្យរោងភាពយន្តបើកដំណើរការជាថ្មី មន្ទីរវប្បធម៌នឹងមានការជួបជុំជាមួយគ្រប់រោងភាពយន្ត ដើម្បីចុះអនុស្សរណៈរួមគ្នាក្នុងការគោរពតាមវិធានការការពារជំងឺកូវីដ ១៩ ឱ្យបានខ្ពស់។
បើទោះបីជាករណីអនុញ្ញាតឱ្យបើកដំណើរការជាថ្មីវិញ មន្ត្រីជំនាញរបស់មន្ទីរវប្បធម៌នឹងធ្វើការពិនិត្យតាមរោងភាពយន្តជាប្រចាំ ដើម្បីប្រាកដថា គ្រប់រោងភាពយន្តពិតជាបានអនុវត្តតាមវិធានការណែនាំយ៉ាងខ្ជាប់ខ្ជួន។ លោកថាអ្វីដែលរោងភាពយន្តទាំងអស់គោរពតាម រួមមានការពិនិត្យកម្ដៅ ការរក្សាអនាម័យ ការតម្រូវឱ្យពាក់ម៉ាស ការវាស់កម្ដៅ ការឆ្លាស់កៅអីអង្គុយដាច់ឆ្ងាយពីគ្នាជាការរក្សាគម្លាតសុវត្ថិភាព និងលើកទឹកចិត្តឱ្យមានការទិញសំបុត្រតាមអនឡាញជាដើម។
កញ្ញា គុយ កែវមរកត ជាប្រធានផ្នែកទីផ្សារលើកឡើងថា រោងភាពយន្តរបស់ខ្លួន បានរៀបចំរួចរាល់ជាស្រេចដោយរង់ចាំតែការអនុញ្ញាតពីថ្នាក់ដឹកនាំឱ្យបើកដំណើរការជាថ្មីវិញតែប៉ុណ្ណោះ។កញ្ញាបញ្ជាក់ថា វិធានការជាច្រើននឹងអនុវត្តនៅពេលបើកដំណើរការជាថ្មី ដោយរាប់បញ្ចូលទាំងការពិនិត្យកម្ដៅ ការរក្សាអនាម័យ ការរក្សាគម្លាតគ្រប់ទីតាំងក្នុងបរិវេណរោងភាពយន្ត និងការកាត់បន្ថយការប៉ះពាល់ និងការប្រើប្រាស់លុយដោយផ្ទាល់ជាដើម ដោយរោងភាពយន្តនឹងដាក់ដំណើរការប្រព័ន្ធបច្ចេកវិទ្យា E Ticket។ ការរក្សាគម្លាតនេះ គឺរោងភាពយន្តនឹងកាត់បន្ថយចំនួនអ្នកចូលទស្សនា ក្នុងសាលភាពយន្តនីមួយៗមកត្រឹមពាក់កណ្ដាលនៃចំនួននៅពេលធម្មតា និងបង្កើនការសម្អាតជាប្រចាំ៕
ដោយ វឌ្ឍនា