ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់បានបង្រ្កាបត្រាក់ទ័រ១គ្រឿង បន្ទាប់ទទួលបណ្ដឹងពីដំណាងក្រុមហ៊ុន(ភាពីមុិចគ្រុប)ដែលគេសង្ស័យត្រាក់ទ័រ១គ្រឿងនេះលួចភ្ជូរដីលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន(ភាពីមុិចគ្រុប) ខណៈនោះស្រាប់តែមានការរារាំងពីមន្រ្តីយោធាវរសេនាតូចលេខ២ឈ្មោះ ចាន់ បារាំង ថែមទាំងគំរាមកំហែងប្រមាថសមត្ថកិច្ចយ៉ាងចាស់ដៃទៀតផង ។
ករណីបង្រ្កាបត្រាក់ទ័រដែលគេសង្ស័យលួចភ្ជូរដីសម្បទានសេដ្ឋកិច្ចខាងលើ ធ្វើឡើងនៅវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចការដ្ឋានទី៧ ស្ថិតនៅភូមិអូរចាន់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីដំណាងក្រុមហ៊ុន(ភាពីមុិច)បានបង្ហើបប្រាប់អ្នកកាសែតតាមទូរស័ព្ទថា មន្រ្តីយោធាវរសេនាតូចលេខ២ ដែលបានរារាំង និងប្រមាថគំរាមដល់សមត្ថកិច្ច កំពុងចុះបង្រ្កាបត្រាក់ទ័រឈ្មោះ ចាន់ បារាំង ថែមទាំងនិយាយទៅកាន់សមត្ថកិច្ចថា បើអាជ្ញាធរណាហ៊ានយកត្រាក់ទ័ររបស់កូនអញ អញនឹងឲ្យកូនទាហានអញកាក់ផ្លូវ។ មេយោធា(ចាន់ បារាំង)មិនត្រឹមតែបោះពាក្យបោះសម្ដីប៉ុណ្ណោះទេ ថែមទាំងនាំបក្ខពួកមានទាំងមន្រ្តីបរិស្ថានផងនោះជិះរថយន្ត មកកាក់សមត្ថកិច្ចដែលកំពុងនាំត្រាក់ទ័ររបស់កូនគាត់ទៅកាន់អធិការដ្ឋាននគរបាលស្រុកក្រគរ ថែមទាំងចង្អុលមុខលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយស និងបញ្ជាឲ្យយកត្រាក់ទ័របង្រ្កាបនោះទៅដាក់ក្នុងបន្ទាយរបស់ខ្លួនទៀតផង ។
ដោយឡែក៖ ប្រភពព័ត៌មានពីនគរបាលស្រុកក្រគរឯនេះវិញ ឲ្យដឹងថាត្រាក់ទ័រដែលបានបង្រ្កាបនេះម៉ាក គូបូតា M60-40 ពណ៌ទឹកក្រូច ត្រូវសមត្ថកិច្ចបង្រ្កាបនេះ ធ្វើឡើងបន្ទាប់ពីទទួលបណ្ដឹងរបស់ឈ្មោះ វ៉ាន់ លឹមសេង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាដំណាងក្រុមហ៊ុន(ភាពីមុិចគ្រុប) ហើយត្រាក់ទ័រជាវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកធ្វើឡើងតាមបញ្ជាពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ជាបណ្ដោះអាសន្នរង់ចាំទទួលបទបញ្ជារបស់ថ្នាក់លើជាថ្មី ៕ ដោយ÷ បុឹម ពិន