ចិន៖ អាច​នឹង​ចូល​តុ​ចរចា​ជាមួយ​អាមេរិក និង​រុស្ស៊ី ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន យល់ព្រម​កាត់បន្ថយ​​អាវុធ​នុយក្លេអ៊ែរ មក​ត្រឹម​កម្រិត​របស់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ មន្រ្តីជាន់ខ្ពស់ចិនលោក Fu Cong ជាប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ នៃក្រសួងការបរទេសចិន បានអះអាងនៅថ្ងៃទីខែកក្កដាម្សិលមិញនេះថា ចិន មិនចង់ចូលរួម ក្នុងតុចរចាជាមួយអាមេរិក និងរុស្ស៊ី ដែលជាអតីតមហាអំណាចសម័យសង្គ្រាមត្រជាក់ទាំងពីរទេ ព្រោះបរិមាណអាវុធនុយក្លេអ៊ែររបស់ចិនមានតិចណាស់ ពោលគឺតិចជាងអាមេរិករហូតដល់ទៅ ២០ដងឯណោះ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​

មន្ត្រីការទូតជាន់ខ្ពស់ចិនរូបនេះ បានលើកឡើងទៀតថា ចិន អាចនឹងចូលតុចរចាជាមួយអាមេរិក និងរុស្ស៊ី ប្រសិនបើទីក្រុងវ៉ាស៊ីនតោនយល់ព្រមកាត់បន្ថយបរិមាណអាវុធនុយក្លេអ៊ែរ មកត្រឹមកម្រិតរបស់ចិននៅពេលបច្ចុប្បន្ន ក្នុងន័យនេះ វាមិនអាចទៅរួចឡើយសម្រាប់អាមេរិក ក្នុងការកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលមានរាប់ពាន់គ្រាប់ មកត្រឹមកម្រិតរបស់ចិន ដែលមានចំនួន ជាង ៣០០គ្រាប់នោះ

សូមជម្រាបថា ទាក់ទិននឹងបញ្ហាអាមេរិកហៅចិនឲ្យចូលតុចរចាសន្ធិសញ្ញានេះ នាពេលកន្លងមក ទីក្រុងវ៉ាស៊ីនតោន តែងតែហៅចិនឲ្យចូលរួម ក្នុងតុចរចាសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ដែលគ្រោងនឹងអស់សុពលភាព នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ អាមេរិក មិនចង់បន្តកិច្ចព្រមព្រៀងនេះឡើយ ព្រោះចិនមិនមែនជាភាគីនៃសន្ធិសញ្ញានេះ ម្យ៉ាង ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ក៏មិនចង់ចរចាសន្ធិញ្ញនេះដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សំឡេងឆ្នោត

លោក Fu ក៏បានលើកឡើងពីចេតនារបស់អាមេរិកក្នុងហៅចិនឲ្យចូលរួមក្នុងកិច្ចចរចាសន្ធិសញ្ញា New START នេះផងដែរ បើតាមលោកFu ការហៅចិនឲ្យចូលតុចរចានេះ គឺគ្រាន់តែជាលេសសម្រាប់អាមេរិក ដើរចេញពីកិច្ចចរចាតែប៉ុណ្ណោះ ព្រោះអាមេរិកដឹងថា ចិនមិនអាចចូលរួមបាន ជាមួយគ្នានេះ លោក Fu បានចោទអាមេរិកថា គោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន គឺទាត់ចោលការរឹតត្បិតទាំងអស់ ដើម្បីស្វែងរកឧត្តមភាពយោធាលើប្រទេសជាសត្រូវដទៃ

គួរបញ្ជាក់ថា New START គឺជាសន្ធិសញ្ញារវាងអាមេរិក និងរុស្ស៊ី ស្តីពីការកាត់បន្ថយអាវុធវាយប្រហារជាយុទ្ធសាស្ត្រ ដែលបានចូលជាធរមាននៅក្នុងឆ្នាំ២០២១ សន្ធិសញ្ញាថ្មី ដែលយកចំណុចសំខាន់មួយចំនួនចេញពីសន្ធិសញ្ញា START ឆ្នាំ១៩៩១ បានកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរត្រឹម១៥៥០ សម្រាប់មីស៊ីបាលីស្ទិអន្តរទ្វីប និងមីស៊ីបាលីស្ទិបំពាក់លើនាវាមុជទឹក ខណៈចំនួនមីស៊ីទាំងពីរប្រភេទនេះទៀតសោត ត្រូវកំណត់ត្រឹម ៧០០ដើម និងកម្រិតបរិមាណអាវុធមួយចំនួនទៀត

បើតាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) នៅក្នុងឆ្នាំ២០២០ អាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបចំនួន៥៨០០ គ្រាប់ ចំណែករុស្ស៊ីមានក្បាលគ្រាប់ចំនួន៦៣៥៧ ខណៈចិនមានចំនួនក្បាលគ្រាប់នុយក្លេអ៊ែរត្រឹមតែ ៣២០ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៩ អាមេរិក និងរុស្ស៊ី បានកាត់បន្ថយចំនួននុយក្លេអ៊ែរខ្លះ ខណៈចិនកើនឡើង សម្រាប់ឆ្នាំ២០១៩ អាមេរិកក្បាលគ្រាប់នុយក្លេអ៊ែរមាន៦១៨៥គ្រាប់ ចំណែករុស្ស៊ីមានចំនួន ៦៥០០គ្រាប់ ខណៈចិនមានចំនួន ២៩០គ្រាប់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print