ខេត្តស្ទឹងត្រែង៖ ការបង្កើនសិប្បកម្មផលិតពាង ដោយស្នាដៃប្រជាពលរដ្ឋតាមទីជនបទ មូលដ្ឋាន ជាសារៈសំខាន់ណាស់ ក្នុងការចូលរួមលើកទឹកចិត្តពួកគាត់ គួរអាជ្ញាធរ ព្យាយាមរកទីផ្សារអោយគាត់ ប្រយោជន៍លើកតម្កើងជីវភាពរស់នៅប្រចាំថ្ងៃ និងជាមុខរបរសុច្ចរិតបំផុត។
សូមជម្រាបថា៖ នៅភូមិ-ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ មានប្រជាពលរដ្ឋជាច្រើនបានចាប់យកការផលិតពាងដោយដៃ និងមានគុណភាពល្អដើម្បីស្វែងរកការគាំទ្រពីអតិថិជន ជាវយកទៅប្រើប្រាស់ដាក់ទឹកតាមតម្រូវការជាក់ស្តែង។
លោក យោ យ៉ា អ្នកផលិតពាងនៅភូមិឃុំខាងលើនេះបានបញ្ជាក់ថា៖ ការផលិតពាងជាមុខរបរមួយប្រកបដោយភាពសុច្ចរិត គ្រាន់តែយើងចំណាយដើមទុនខ្លះ និងកំលាំងពលកម្ម ធ្វើទៅដោយការយកចិត្តទុកដាក់ ទើបការផលិតនេះបានសម្រេច និងមានគុណភាពល្អ។
លោកបន្តថា៖ គាត់ចេះផលិតពាងតាំងពីតូចគឺរៀនតៗពីដូនតាមក ហើយលោកចង់អភិរក្សមុខរបរមួយនេះ ទើបនៅបន្តធ្វើជារៀងរហូតមក ព្រោះវាបានផ្តល់ប្រាក់ចំណូល សម្រាប់ដោះស្រាយជីវភាពបានមួយផ្នែក បន្ទាប់ពីធ្វើស្រែចំការ ច្បារដំណាំ។
លោក ស្រី សុំគឹមស្រាង ភរិយា លោក យោ យ៉ា ជាអ្នកផលិតពាងនេះដែរបានបញ្ជាក់ថា៖គ្រួសារគាត់មានមោទនភាពណាស់ ព្រោះមានរបរមួយប្រចាំគ្រួសារ បានធ្វើការនៅផ្ទះ ដោយមិនបាច់ទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម ឬធ្វើចំណាកស្រុកទៅរកការងារធ្វើឆ្ងាយពីក្រុមគ្រួសារ។
លោកស្រី អំពាវនាវឱ្យបងប្អូនយើងនៅក្នុងស្រុក ជួយគាំទ្រផលិតផលរបស់ពួកគាត់ផង ដើម្បីឱ្យការផលិតនេះស្ថិតនៅមាននិរន្តរភាព និងបានបង្ហាត់បង្រៀនទៅដល់បងប្អូនយុវជនជំនាន់ក្រាយឱ្យចេះបន្ត។
សូមបញ្ជាក់ថា៖ ការផលិតពាងនេះអ្នកជំនាញធ្វើក្នុងមួយថ្ងៃផលិតបានចំនួន២ លក់ក្នុងតម្លៃ មួយតែ៨ម៉ឺនទៅ១០មុឺនរៀលតែប៉ុណ្ណោះ ទៅតាមពាងតូចឬធំ ហើយបច្ចុប្បន្ននេះអ្នកផលិត ធ្វើលក់ទៅតាមតែបងប្អូនបញ្ជាទិញតែប៉ុណ្ណោះ ខណៈបច្ចុប្បន្នផ្ទះប្រជាពលរដ្ឋខ្លះលែងប្រើពាង មកប្រើជាអាង ឬបាសាំងទឹកវិញ ដែលផ្ទុកទឹកបានច្រើន៕
ដោយ៖ ស សម