ភ្នំពេញ ៖ ពិតជាគួរឲ្យរន្ធត់និងសង្វេគខ្លាំងណាស់ ខណៈដែលឃេីញស្ត្រីម្នាក់ដាច់ខ្លួនជាពីរទៅបីកំណាត់ស្លាប់ភ្លាមមួយរំពេច បន្ទាប់ពីត្រូវរថយន្តធូនធំបើកបុកហើយកិន អូសទាំងម៉ូតូជាប់នៅពីក្រោមរថយន្តរាប់រយម៉ែត្រ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ឃាត់រថយន្តបង្កព្រមទាំងចាប់តៃកុងយកទៅសួរនាំ កាលពីវេលាម៉ោង៩ និង ២០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅលេីផ្លូវលេខ២១៧ ត្រង់ភ្លើងស្តុបផ្ទះស្រាបៀរ ទល់មុខច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពស្ត្រីរងគ្រោះមានឈ្មោះ ថៃ ណា អាយុ៣១ឆ្នាំ មុខរបរលក់មាន់ ស្នាក់នៅក្នុងភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្ដព្រៃវែង។ ចំណែកតៃកុងរថយន្ដមានឈ្មោះ សម្បត្ដិ ខុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្តឱ្យក្រុមហ៊ុនត្រាហ្គនស៉ីធី មានស្រុកកំណើតនៅភូមិចាក់ត្រាំង ឃុំក្រវាញ ស្រុកក្រវាញ ខេត្តពោធិ៍សាត់ បច្ចប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិពាំងរាំង ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខកំពត1J -1061 បេីកបរតែម្នាក់ឯងដោយមានដឹកមាន់ផង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចភ្លើងស្ដុបកន្លែងកើតហេតុ ជនរងគ្រោះក៏ឈប់ម៉ូតូរង់ចាំភ្លើងខៀវ ។ ពេលនោះស្រាប់តែមានរថយន្ដបាញ់បេតុងមួយគ្រឿងពាក់ស្លាកលេខ5A-2423 បើកបរស្របទិសគ្នាបានមកបុកម៉ូតូហើយកិនស្ត្រីរងគ្រោះដាច់ខ្លួនជាពីរទៅបីកំណាត់ស្លាប់ភ្លាមមួយរំពេច ខណៈដែលរថយន្ដបង្កបានបេីករត់អូសទាំងម៉ូតូជាប់នៅពីក្រោមរាប់រយម៉ែត្រ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចេញជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនតៃកុងរថយន្តបង្កហេតុបានភ្លាមៗផងដែរ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យចុះទៅដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងរួចក៏បានប្រគល់រថយន្តនិងម៉ូតូទៅឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ