យោងតាមសេចក្តីរាយការណ៍នៅក្នុងប្រទេសតំបន់អាមេរិកខាងត្បូងបានឲ្យដឹងថា ក្លឹប Porto បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Igor Cassio ពីក្លឹប Botafogo ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ Globo Esporte របស់ប្រេស៊ីលនៅព្រឹកថ្ងៃសៅរ៍នេះ។
សារព័ត៌មាន Globo Esporte បានបន្តថា កីឡាករវ័យ២២ឆ្នាំដែលកិច្ចសន្យាជាមួយក្លឹប Botafogo នឹងផុតកំណត់នៅខែកញ្ញាទំនងជានឹងចាប់ផ្តើមប្រកបអាជីពជាមួយក្លឹប Porto នៅលីកកំពូលព័រទុយហ្គាល់។
ខ្សែប្រយុទ្ធ Cassio បង្ហាញខ្លួនបាន២២ប្រកួតឲ្យក្លឹប Botafogo និងរកបាន៣គ្រាប់បន្ទាប់ពីបង្ហាញខ្លួនអាជីពកាលពីឆ្នាំមុន។ កីឡាកររូបនេះមិនបានលេងទេចាប់តាំងពីបាល់ទាត់ប្រេស៊ីលត្រូវបានព្យួរនៅខែមីនាដោយសារតែជំងឺរាតត្បាតកូវីដ-១៩។
បច្ចុប្បន្នក្លឹប Porto មានកីឡាករប្រេស៊ីល៣នាក់ក្នុងក្រុមរួមមាន ខ្សែការពារ Alex Telles, ខ្សែបម្រើ Otavio Monteiro និងខ្សែប្រយុទ្ធ Tiquinho Soares ៕