ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការកែសម្រួលប្រព័ន្ធ ចរាចរណ៏ នៅស្តុបចំនួនពីរ គឺស្តុប ច្រមុះជ្រូកក្បាលថ្នល់និងស្តុបវត្តនាគវ័នដើម្បីឲ្យចរាចរណ៍មានភាពល្អប្រសើរជាងមុនខណៈស្តុបទាំង ២នេះតែងតែកកស្ទះចរាចណ៍រាល់ថ្ងៃនោះ។
ការបញ្ជាក់ពីការប្ដូរប្រព័ន្ធចរាចរណ៍នៅស្តុបទាំងពីរខាងលើនេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំមួយ ជាមួយមន្ត្រីជំនាញនិងប៉ូលីសនៃស្នងការនគរបាលរាជធានីភ្នំពេញក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រព័ន្ធចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ដោយមើលឃើញពីបញ្ហាខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់. លោកឃួង ស្រេង បានសុំគោលការណ៍ទៅ រាជរដ្ឋាភិបាល ដើម្បីសូមយកក្រាស់សាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូទៅកាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះឱ្យកាន់តែប្រសើរឡើងជាងមុន។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹង
ការកែប្រពន្ធលំហូរសារាចរនៅស្តុបច្រមុះជ្រូកក្បាល ថ្នល់នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងពង្រីកផ្លូវព្រះមន្នីវង្សអោយបានបីគន្លងនិងផ្លូវលេខ២៧១ បីគន្លង ជាមួយនឹងការយកការ៉ាស់សាំងសូគីមិចនៅច្រមុះជ្រូកនេះចេញផងដែរ ។ ដោយឡែកនៅស្តុបវត្តនាគវ័នវិញ ក៏មានការកែសំរួលប្រព័ន្ធចរាចរណ៍ផងដែរ ដោយនឹងធ្វើការបើកផ្លូវ២២១ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោកដែលបច្ចុប្បន្ននេះបិទមិនអោយធ្វើចរាចរណ៍ឡើងមកលើផ្លូវសហព័ន្ធរុស្ស៊ីនិងកាត់ផ្លូវហព័ន្ធរុស្ស៊ីចូលទៅវត្តនាគវ័នអោយដំណើរការចរាចរណ៍ តែមិនអនុញ្ញាតិអោយបត់ឆ្វេង បត់ស្ដាំចុះពីផ្លូវសហព័ន្ធរុស្ស៊ីទៅលើកំណាត់ផ្លូវលេខ២២១នេះឡើយ។
អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានឯកភាពទៅនឹងការកែសម្រួលប្រព័ន្ធចរាចរណ៍នៅស្តុបទាំងពីរខាងលើ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានធ្វើការណែនាំអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពិសេស លោកសាំ ពិសិដ្ឋ មុននៃការបើកឲ្យធ្វើចរាចរណ៍នៅស្ទុបទាំង២នេះត្រូវតែ ធ្វើបទបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយដូចជា តាមបណ្ដាញទូរទស្សន៍ជាដើម ដើម្បីឲ្យប្រជាពលរដ្ឋប្រជាពលរដ្ឋបានយល់ដឹងអំពីការកែសម្រួលប្រព័ន្ធសារាចរនៃស្តុបទាំងពីរខាងលើនេះ ។ដោយឡែកការបើកការដ្ឋានស្ថាបនាប្រឡាយលូដូចជាបើកការដ្ឋានស្ថាបនាផ្លូវ ក្នុងនាមមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញគួរត្រូវតែធ្វើបទបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងផងដែរ៕ សំរិត