ខេត្តកំពង់ចាម៖ តាមរយៈរឿងព្រេងបុរាណខ្មែរ ពេលឮឈ្មោះ ភ្នំប្រុស-ភ្នំស្រី ដែលនិយាយអំពីការចូលស្ដីដណ្តឹងកូនចៅ បានធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមានបំណងចង់ទៅកម្សាន្ត និងចង់ស្គាល់តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយនេះ។
លោក សុធា ពេជ្រ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានបញ្ជាក់ថា៖ «ចំណុចទាក់ទាញ គឺដោយសារនៅទីនោះជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ នៅទីនោះមានដើមឈើធំៗ និងសម្បូរសត្វស្វា»។ លោក សុធា ពេជ្រ បន្ថែមថា តំបន់ទេសចរណ៍ភ្នំប្រុស ភ្នំស្រីទទួលបានភ្ញៀវទេសចរប្រហែល ៧ម៉ឺននាក់ នៅក្នុងឆ្នាំ២០១៩។ រហូតមកដល់បច្ចុប្បន្នតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយនេះ បានក្លាយជាទីកម្សាន្ត បានទាក់ទាញភ្ញៀវទេសចរជាច្រើនដោយសារតែទេសចរណ៍ ចង់ស្គាល់តំបន់នេះក្នុងរឿងព្រេងខ្មែរ ។
សូមជម្រាបថា ភ្នំប្រុស-ភ្នំស្រី ជារមណីយដ្ឋានមួយ ស្ថិតនៅក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយស្ថិតនៅភាគខាងលិចនៃទីរួមខេត្តកំពង់ចាម ប្រមាណ ៧ គីឡូម៉ែត្រ។ ភ្នំមួយគូនេះ បានបង្កើតជារឿងនិទានទាក់ទងនឹងការចូលស្តីដណឹ្តងកូនចៅ។ជាពិសេសនោះ ភ្នំទាំងពីរនេះ ក៏ជានិមិត្តរូបនៃបញ្ញានិងការអត់ធ្មត់របស់ស្ត្រី ផងដែរ៕ដោយ៖ស តារា