ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនិងផែនការអភិវឌ្ឍន៍នៃការធ្វើវារីវប្បកម្មនៅកម្ពុជា នៅស្ថានីយ៍ភ្ញាស់កូនត្រី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៩រោចខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនិងផែនការអភិវឌ្ឍន៍នៃការធ្វើវារីវប្បកម្មនៅកម្ពុជា និងការងារមួយចំនួន នៅស្ថានីយ៍ភ្ញាស់កូនត្រីបាទី ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង របស់រដ្ឋបាលជលផល ។
តាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា៖ គោលនយោបាយដ៏ចម្បងរបស់រាជរដ្ឋាភិបាលក្នុងការធានាសន្តិសុខស្បៀង ជូនប្រជាពលរដ្ឋនិងកាត់បន្ថយក្នុងការដាក់សំពាធលើធនធានជលផលក្នុងដែនទឹកធម្មជាតិ ការអភិវឌ្ឍវារីវប្បកម្ម គ្រប់រូបភាព និងគ្រប់ទីកន្លែង ត្រូវដាក់ឲ្យអនុវត្តតាមនៅតាមបណ្តាខេត្តនានា។
ជាក់ស្តែង ការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ នៅឆ្នាំ២០០៩ អនុវត្តបានត្រឹមតែ ៥០ ០០០តោន និងការភ្ញាស់កូនត្រីពូជអនុវត្តបានជាង ៦៩ លានក្បាល តែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ឆ្នាំ២០១៩ ការធ្វើវារីវប្បកម្ម បានកើឡើងរហូតដល់ ៣០៧ ៤០៨ តោន ក្នុងនោះ ផលចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោ មានចំនួន ៧១ ៥៣៦តោន ហើយនិងការភ្ញាស់កូនត្រីពូជអនុវត្តបានចំនួន ២២២ លានក្បាល នេះបញ្ជាក់ឱ្យឃើញថា ទិន្នផលវារីវប្បកម្មកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលរយៈពេល៥ឆ្នាំចុងក្រោយនេះកំណើនជាមធ្យម២០% ក្នុងមួយឆ្នាំ ដែលប្រជាកសិករបានទទួលយកនូវបច្ចេកទេសវារីវប្បកម្មដែលរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលបានអនុវត្តកន្លងមក។

ទន្ទឹមនឹងនេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទៅនឹងការប្រែប្រួលរបបទឹកទន្លេមេគង្គ ជាមួយនឹងការប្រែប្រួលភូមិសាស្រ្ត បឹង ព្រែក ស្ទឹង និងទន្លេ និងអាកាសធាតុ ហើយនឹងឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផលឆ្នាំ២០១៥-២០២៤ និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារី-វប្បកម្មនៃប្រទេសកម្ពុជាឆ្នាំ២០១៦-២០៣០ ដែលផែនការនេះអនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដ៏ត្រចេះត្រចង់របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨។
តាមរយៈផែនការយុទ្ធសាស្រ្តនេះ ជាគោលដៅដើម្បីសម្រេចបានផលិតផលវារីវប្បកម្មចំនួន ៧៤០ ០០០ តោន នាឆ្នាំ២០២៤ ខាងមុខនេះ ដែលមានកំណើន ជាមធ្យម២០% ជារៀងរាល់ឆ្នាំ។ ដោយនៅក្នុងយុទ្ធសាស្រ្តនេះ ផ្តោតសំខាន់ទៅលើ៧ចំណុចសំខាន់ៗ៖ (១) គុណភាពពូជសម្រាប់ប្រភេទត្រីនានា (២) បង្កើនការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ទាំងបរិមាណ (៣) ធានាបាននូវការផ្គត់ផ្គង់ចំណីប្រកបដោយនិរន្តរភាព (៤) បង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពស្ថាប័ន (៥) ថែរក្សាគុណភាពបរិស្ថាននិងកាត់បន្ថយដោយជំងឺ (៦) បង្កើនគុណភាព និងតម្លៃនៃផលិតផលវារីវប្បកម្មកែច្នៃ (៧) សម្របសម្រួលក្នុងការផ្តល់នូវសេវាឥណទានវារីវប្បកម្ម៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print