ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទីក្រុងឈីកាហ្គោត្រូវបានលុបចោលដោយសារការភ័យខ្លាចជំងឺកូវីដ-១៩

ចែករំលែក៖

សារព័ត៌មាន Channel News Asia បានផ្សាយនៅព្រឹកថ្ងៃអង្គារ ទី១៤កក្កដានេះថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដ៏ធំនៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក បានក្លាយជាព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដ៏ធំចុងក្រោយបង្អស់ដែលបានរងគ្រោះដោយសារជំងឺកូវីដ-១៩ ខណៈអ្នករៀបចំការប្រកួតបានបញ្ជាក់ពីការលុបចោលការរត់ប្រណាំងនេះជាលើកទី២នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

ការសម្រេចចិត្តលុបចោលនេះត្រូវបានគេមើលឃើញថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងធំៗជាច្រើនទៀតនៅជុំវិញពិភពលោកបានទទួលរងនូវវិបត្តិ ដូចគ្នាដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ ការរត់ប្រណាំងលើកទី៤៣នេះគ្រោងធ្វើឡើងនៅថ្ងៃទី១១ ខែតុលាដោយអាចមានអ្នកចូលរួមប្រមាណជា៤៥.០០០នាក់។

អភិបាលក្រុងឈីកាហ្គោលោក Lori Lightfoot បានមានប្រសាសន៍ថា “ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទីក្រុងឈីកាហ្គោគឺជាការអបអរសាទរប្រចាំឆ្នាំរបស់ទីក្រុងយើងដែលមានអ្នកចូលរួមរត់ជាង៤៥.០០០នាក់ក៏ដូចជាអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់អ្នកទស្សនា និងអ្នករស់នៅក្នុងទីក្រុងទាំងមូល”។

លោកបន្តថា “ដូចគ្នានឹងប្រជាជនឈីកាហ្គោទាំងអស់ដែរខ្ញុំមានការខកចិត្ត ដែលព្រឹត្តិការណ៍ប្រចាំឆ្នាំនេះនឹងមិនត្រូវបានគ្រោងទុកដូចដើមឡើយ ប៉ុន្តែទោះយ៉ាងណាយើងទន្ទឹងរង់ចាំស្វាគមន៍ដល់អ្នករត់ប្រណាំងទាំងអស់ និងការអបអរសាទររបស់ពួកគេជាថ្មីម្តងទៀតនៅពេលដែលការរត់ម៉ារ៉ាតុងនៅទីក្រុងឈីកាហ្គោ ត្រឡប់មកវិញ”។

នាយកគ្រប់គ្រងកម្មវិធីការរត់ប្រណាំងម៉ារ៉ាតុងលោក Carey Pinkowski បាននិយាយថា “ការសម្រេចចិត្តត្រូវបានធ្វើឡើងដោយសុវត្ថិភាពរបស់អ្នកចូលរួម និងអ្នកស្ម័គ្រចិត្តរត់។ យើងយល់ពីការខកចិត្តប៉ុន្តែនៅពេលយើងរៀបចំកម្មវិធីនេះនៅទីក្រុងឈីកាហ្គោវានឹងក្លាយជាពេលវេលាដែលមានការព្រួយបារម្ភ និងសុវត្ថិភាពសុខភាពរបស់ពួកគាត់ ដូច្នេះយើងត្រូវបង្ខំចិត្តគោរពតាមការណែនាំរបស់រដ្ឋ”។

សូមបញ្ជាក់ថា ទីក្រុងឈីកាហ្គោគឺជាផ្នែកមួយនៃការរត់ម៉ារ៉ាតុងធំៗចំនួន៦នៅលើពិភពលោករួមជាមួយការរត់ប្រណាំងនៅក្នុងទីក្រុងតូក្យូ, ប៊ូស្តុន, ទីក្រុងឡុង, ទីក្រុងប៊ែរឡាំង និងទីក្រុងញូវយ៉ក។ ការប្រណាំងនៅទីក្រុងឈីកាហ្គោត្រូវបានលុបចោលជាលើកចុងក្រោយចាប់តាំងពីឆ្នាំ១៩៨៧។
ចំណែកទីក្រុងតូក្យូបានលុបចោលការប្រណាំងមុនគេនៅខែមីនា ខណៈដែលការរត់ប្រណាំងនៅទីក្រុងប៊ូស្តុនគ្រោងធ្វើទៅនៅខែមេសា ប៉ុន្តែ ត្រូវបានលុបចោលដែរ។ ដោយឡែកការរត់ប្រណាំងនៅទីក្រុងប៊ែកឡាំង និងញូវយ៉កក៏ត្រូវបានលុបចោលផងដែរ ហើយការរត់ប្រណាំងនៅទីក្រុងឡុងដ៍ដែលត្រូវបានផ្លាស់ប្តូរពីថ្ងៃទី២៦ ខែមេសា ទៅថ្ងៃទី៤ ខែតុលា ជាការប្រណាំងរត់ម៉ារ៉ាតុងចុងក្រោយមិនទាន់មានសេចក្តីសម្រេចណាមួយថាលុបចោល ឬបន្តធ្វើនៅឡើយទេ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print