សាររបស់រដ្ឋបាលគ្រប់គ្រងឧទ្យានធម្មជាតិអុីស្រាអែលដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ក្នុងការជួយដល់មនុស្សជាច្រើន យកឈ្នះទៅលើខ្លួនឯង ពេលកូវីដ-១៩ កំពុងតែវាយលុក ហើយ ត្រូវកាត់ផ្តាច់ឲ្យនៅដោយឡែក។ ក្នុងពេលនេះ យើងមិនអាចឱប មិត្តភក្តិ គ្រួសារ មនុស្សជាទីស្រឡាញ់របស់យើងបានទេ ដូច្នះការឱបដើមឈើជាវិធីសាស្ត្រល្អបំផុត ។
លោក Or Steinfeld អគ្គនាយក ទទួលបន្ទុកទីផ្សារនៅរមណីយដ្ឋានជាតិ Apolloniaនៃប្រទេសអុីស្រាអែលបានលើកឡើងថា «ក្នុងដំណាក់កាលនៃការឆ្លងរាលដាលកូវីដ-១៩ ខ្ញុំសូមអំពាវនាវដល់មនុស្សគ្រប់រូបនៅលើពិភពលោក សូមទៅកាន់កន្លែងធម្មជាតិ ដកដង្ហើមវែងៗ ឱបដើមឈើបង្ហាញពីក្តីស្រឡាញ់ដើម្បីទទួលបាននូវក្តីស្រឡាញ់វិញ»។
នៅរមណីយដ្ឋាន Apollonia មានចម្ងាយពីទីក្រុង Tel Aviv ប្រមាណ១៥គីឡូម៉ែត្រនៅភាគខាងជើង អ្នកស្រី Barbara Grant ដែលបានចូលរួមកម្មវិធីឱបដើមឈើ បានរៀបរាប់ឲ្យដឹងថា «តម្រូវការជាមូលដ្ឋានរបស់មនុស្សគឺ ការតភ្ជាប់ ប៉ះពាល់ ឱប ចាប់ដៃ… ប៉ុន្តែដើម្បីសុខភាពខ្ញុំមិនអាចឱបមនុស្សជាទីស្រឡាញ់បានឡើយ ការឱបដើមឈើធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លា កាត់បន្ថយការនឹករលឹកទាំងនោះ»។
ចំណែកអ្នកស្រី Moshe Hazan ក៏បានលើកឡើងផងដែរថា «បច្ចុប្បន្នយើងមិនអាចឱបមនុស្សច្រើន ក្នុងនោះមានទាំងមនុស្សនៅក្នុងគ្រួសារ ដូច្នេះការឱបដើមឈើជំនួសគឺជារឿងរ៉ាវគួរតែធ្វើនាពេលនេះ ជារឿងល្អម្ស៉ាងដែរ ក្នុងការកាត់បន្ថយស្ត្រេស ។
កន្លងមក ប្រទេសអាយឡែន ក៏មានពិធីឱបដើមឈើដែរកាលពីខែមេសា ដើម្បីកាត់បន្ថយភាពតានតឹង ដែលមិនអាចឱបមនុស្សជាទីស្រឡាញ់របស់យើងបាន។ នៅក្នុងខែមេសា គឺជាពេលវេលាដែលមានករណីឆ្លងកូវីដ-១៩ច្រើននៅលើពិភពលោក៕