ខេត្តកណ្ដាល៖ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កម្មកររោងចក្រ ថៃ យ៉ា ហ្គាមេន អ៊ិនដាសស្ទ្រី ខូអិលធីឌី ប្រមាណជា១០០០នាក់ បានធ្វើការដង្ហែក្បួន ចេញពីរោងចក្រ ស្ថិតនៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីទាមទារនូវប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍នានា តាមការសន្យា បន្ទាប់រោងចក្រត្រូវបានបិទទ្វារ កាលពីដើមខែកក្កដានេះ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារខេត្ត ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន បានចុះសម្របសម្រួល ជាមួយបងប្អូនកម្មករ កម្មការិនី រោងចក្រ ជាមួយក្រុមហ៊ុន នៅសាលាស្រុកពញាឮ។
ក្នុងជំនួបនេះដំណាងកម្មកររោងចក្រ បានលើកឡើងនូវ សំណូមពរចំនួន៤ គឺ៖
១,ប្រាក់ឈ្នួលចុងក្រោយដែលមិនទាន់បានបើក។
២,ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។
៣,ប្រាក់បំណាច់រំលឹកអតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារ។
៤,ក្រុមហ៊ុនផ្ដល់ប្រាក់សម្រាប់ជប់លៀង លាគ្នា ចំនួន៣៥% នៃប្រាក់ខែ១៩០ដុល្លារ។
បន្ទាប់ពីជួបពិភាក្សាគ្នា រវាងក្រុមហ៊ុន និងកម្មករ ដោយមានការសម្របសម្រួលពីលោកអភិបាលខេត្ត បានធ្វើការឯកភាពគ្នា នូវចំណុចចំនួន៥៖
១-ភាគីក្រុមហ៊ុននឹងបើកប្រាក់ឈ្នួលចុងក្រោយដែលមិនទាន់បានបើកជូនដល់កម្មករ និយោជិតទាំងអស់
២-ភាគីក្រុមហ៊ុននឹងបើកប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់
៣-ភាគីក្រុមហ៊ុននឹងបើកប្រាក់ដំណាច់រំលឹកអតីភាពការងារ និងប្រាក់បំណាច់អតីភាពការងារឆ្នាំ២០២០
៤-ភាគីក្រុមហ៊ុននឹងផ្តល់ប្រាក់សម្រាប់ជប់លៀង លាគ្នា ចំនួន ៣៥% នៃប្រាក់ខែគោល តាមការសន្យាជាមួយកម្មករ និយោជិតកន្លងមក។
៥-ក្រុមហ៊ុននឹងបិទផ្សាយបញ្ជីបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ និងបើកផ្តល់ជូនកម្មករនិយោជិត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ៕
ដោយ៖ ឆ ដា