ប៉ូលី​បង់​ក្លា​ដែ​ស ឃាត់ខ្លួន​ម្ចាស់​មន្ទីរពេទ្យ​ម្នាក់ បន្ទាប់ពីចេញលិខិត​ក្លែងក្លាយ​រាប់ពាន់​សន្លឹក បញ្ជាក់ថា​គ្មាន COVID-19

ចែករំលែក៖

អន្តរជាតិ៖ ប៉ូលី​បង់​ក្លា​ដែ​ស បានឃាត់ខ្លួន​ម្ចាស់​មន្ទីរពេទ្យម្នាក់ ឈ្មោះ Mohammad Shahed ក្រោយ​រត់គេចខ្លួន​៩​ថ្ងៃ​មកហើយ​ និងប្រុង​គេចខ្លួន​បន្តទៅកាន់ប្រទេស​ឥណ្ឌា​ បន្ទាប់ពីអាជ្ញាធរស្រាវជ្រាវរកឃើញថា រូបគាត់បានចេញ​លិខិត​បញ្ជាក់លទ្ធផល​អវិជ្ជមាន​ជំងឺ COVID-19 ក្លែងក្លាយ​រាប់ពាន់​សន្លឹក​ នៅ​គ្លីនិក​ចំនួន​ពីរ ទាំង​ពេលខ្លះ​មិនបាន​ធ្វើតេស្ត​អ្នកជំងឺ​ផង​នោះ ។

​អ្នកនាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​ប៉ូលីសបង់​ក្លា​ដែ​ស​ លោកវរសេនីយ៍ Ashique Billah បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា លោកMohammad Shahed ដែលមាន​វ័យ​៤២​ឆ្នាំ ត្រូវ​ចាប់ខ្លួន​នៅក្បែ​ច្រាំងទន្លេ​មួយកន្លែង​នៅជាប់​ព្រំដែន​ជាមួយ​ឥណ្ឌា ខណៈ​ប្រុង​រត់គេចខ្លួន​។ ​

លោកវរសេនីយ៍ Ashique Billah បន្តថា គ្លីនិក​របស់ Shaheed បានធ្វើ​តេស្ត​រក COVID-19 ចំនួន​១០៥០០ ក្នុងនោះ​តេស្ត​ចំនួន​៤២០០ គឺ​ត្រឹមត្រូវ ហើយ​៦៣០០​តេស្ត​ទៀត មាន​លទ្ធផល​ទាំង​មិនបាន​ធ្វើតេស្ត​អ្វី​ទាំងអស់​។​ ក្រៅពី​ការបន្លំ​លទ្ធផល Shaheed ក៏ត្រូវ​ចោទថា យក​ថ្លៃ​ពី​ការធ្វើ​តេស្ត​នៅ​គ្លីនិក​មួយកន្លែង​ក្នុង​រដ្ឋធានី​ដា​ក្កា ទាំង​ខ្លួន​បាន​យល់ព្រម​ជាមួយ​រដ្ឋាភិបាល​ថា៖ មិន​យក​កម្រៃ​អ្វី​ឡើយ​។

​បើតាមទីភ្នាក់ងារAFP បានបន្ថែមថា គ្រូពេទ្យ​ល្បីឈ្មោះ​ម្នាក់ និង​ស្វាមី ក៏​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ចេញ​លិខិតបញ្ជាក់​ក្លែងក្លាយ​នេះ​នៅ​មន្ទីរពិសោធន៍​មួយកន្លែង​ក្នុង​រដ្ឋធានី​ផងដែរ​។ ដោយShaheed ស្ថិត​ក្នុងចំណោម​ជនសង្ស័យ​ជាច្រើន​ដែល​បោកប្រាស់​ប្រជាជន​បង់​ក្លា​ដែ​ស​ទាក់ទង​ការធ្វើ​តេស្ត​រក COVID-19 ។

​គួរបញ្ជាក់ថា ក្រុមអ្នកជំនាញ​ក៏បានព្រមាន​ថា ករណី​បន្លំ​លទ្ធផល​បែបនេះ នឹងធ្វើ​ឲ្យ​ស្ថានការណ៍ COVID-19 នៅ​បង់​ក្លា​ដែ​ស​កាន់តែ​យ៉ាប់យ៉ឺន បន្ថែម​ពី​ស្ថានភាព​ដែល​កំពុង​មិនល្អ​ស្រាប់​ក្នុងប្រទេស​មាន​ប្រជាជន​១៦៨​លាន​នាក់​មួយ​នេះ​។ ដោយបង់​ក្លា​ដែ​ស បាន​រាយការណ៍​ពី​ករណី​ឆ្លង​ចំនួន​១៩៣០០០​នាក់ និង​ស្លាប់​២៤៥៧​នាក់​។ ប៉ុន្តែគេ​សង្ស័យថា ករណី​ឆ្លង​ជាក់ស្ដែង​មាន​ច្រើនជាង​នេះ បើ​ការបន្លំ​លទ្ធផល​មាន​ច្រើនសន្ធឹក​បែបនេះ​នោះ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print