រសៀលនេះ! នគរបាលខណ្ឌពោធិ៍សែនជ័យ នឹងបញ្ជូនស្រ្តីម្នាក់ ដែលប្រើកាំបិតអាមុខក្មេងស្រីម្នាក់ឲ្យរងរបួសធ្ងន់​ដេរជាង​ ១០០​ថ្នេរ ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នឹងបញ្ជូនស្រ្តីតិរច្ឆានម្នាក់ ដែលប្រើកាំបិតអារលេីផ្ទៃមុខក្មេងស្រីអាយុ៥ឆ្នាំម្នាក់ រងរបួសធ្ងន់ដេរជាង១០០ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ព្រោះតែខ្លួនសងសឹកឲ្យកូនប្រុសបន្ទាប់ពីក្មេងស្រីរងគ្រោះបានយកដុំថ្មគប់កូនប្រុសគាត់ បែកក្បាលកាលពី២ថ្ងៃមុន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់

យោងតាមមន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៧ ខែកក្កដានេះថា ស្រ្តីដៃដល់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួននាំយកទៅសាកសួរ ក្រោយពេលគាត់ធ្វើសកម្មភាព យកកាំបិតប៉ុនប៉ងអារ.កសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹងក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់ បែកក្បាលកាលពី២ថ្ងៃមុន។ ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេដោយសារតែនាងស្រែកយំខ្លាំងៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយស្រ្តីដៃដល់បានយកកាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុននឹងនគរបាលឃាត់ខ្លួន។

ស្រ្តីដៃដល់ខាងលើឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម។ ក្រោយពេលចាប់ខ្លួនស្រ្តីនោះបាននិយាយថា គាត់ខឹងខ្លាំងណាស់ដេកអត់លក់២យប់ហើយ ដោយសារតែក្មេងស្រីខាងលើធ្វើឲ្យកូនគាត់ចេញឈាម ហើយត្រូវដឹងថា កូនគាត់ធំឡើងជាតារាផង ដូច្នេះគាត់សុំត្រឹមតែឲ្យក្មេងស្រីនេះ ចេញឈាមវិញដូចជាកូនគាត់វិញប៉ុណ្ណោះ។

គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្រ្តីដដែលបន្តថា យោងតាមចម្លើយសារភាពស្ត្រីដៃដល់ បាននិយាយទៀតថា នៅរសៀលថ្ងៃកើតហេតុគាត់បានទៅទិញកូនកាំបិត រួចក៏ចាប់ក្មេងស្រីនោះអារ និងឆូតមុខ ច្រមុះ និងដៃព្រមទាំងក តែម្ដងនេះ គឺជាការតបស្នង ហើយអ្នកដាំផ្លែអ្វី គឺបានផលនោះអីចឹងហើយ។

បើតាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រឿងហេតុនេះផ្ដើមពីការកាន់ជើងកូនខ្លាំងពេក និងខ្វះការពិចារណាវែងឆ្ងាយ ដោយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កូនប្រុសរបស់ស្រ្តីដែលជាជនដៃដល់ខាងលើបាន រើសដុំថ្មគប់ដាក់ក្មេងស្រីរងគ្រោះហើយក៏ត្រូវក្មេងស្រីរងគ្រោះគប់តបតវិញ បណ្ដាលឲ្យត្រូវក្បាលរងរបួសបែករយះដេរ២ថ្នេរ ដោយពេលនោះម្ដាយក្មេងស្រីរូបនោះ ក៏បានជួយបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។

បន្ទាប់មកក្មេងស្រីរូបនោះអត់ហ៊ានដើរលេង២ថ្ងៃ រហូតដល់ថ្ងៃកើតហេតុ ទើបហ៊ានចេញដើរលេង ហើយដើរកាត់មុខផ្ទះស្រ្តីដៃដល់រូបនោះក៏ត្រូវបានស្រ្តីនេះស្ទុះចូលទៅចាប់យកកាំបិតទើបនឹងទិញថ្មីៗ ដើម្បីអារកសម្លាប់ចោល។ ប៉ុន្តែពេលនោះក្មេងស្រីរងគ្រោះបានស្រែកយំខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើល ទើបស្រ្តីដៃដល់នោះឆូតមុខ ឆូតច្រមុះ ដៃ និង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចទើបរត់ចូលទៅពួនសម្ងំនៅក្នុងផ្ទះ

សូមជម្រាបថា ក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រងរបួសផ្ទៃមុខ ច្រមុះ និងដៃ រស់នៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បច្ចុប្បន្នក្មេងស្រីដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ៕ដោយ៖សុខា សែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print