អគ្គលេខាធិការនៃសហព័ន្ធបាល់ទាត់អាជីពរ៉ូម៉ានីលោក Justin Stefan បានប្រកាសកាលពីថ្ងៃសុក្រថា កីឡាកររបស់ក្រុមDinamo នៅលីកកំពូលរ៉ូម៉ានីចំនួន៦នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។
លោក Justin Stefan បានបន្តថា “យើងមានការជូនដំណឹងពីក្លឹប Dinamoថា កីឡាករ៦នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ក្រុមបានធ្វើតេស្តទៅលើកីឡាកររៀងរាល់១៤ថ្ងៃម្តងនៅឯគ្លីនិកឯកជនក្នុងស្រុកមួយ ហើយបានរកឃើញមានកីឡាករ៦នាក់បានធ្វើតេស្តវិជ្ជមានជំងឺនេះ។ ពួកគេត្រូវបានគេសាកល្បងធ្វើតេស្តឡើងវិញនឹងទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃសុក្រ រីឯកីឡាករផ្សេងទៀតនឹងធ្វើការសាកល្បងធ្វើតេស្តម្តងទៀតក្នុងរយៈពេល៥ថ្ងៃក្រោយ”។
ក្លឹប Dinamo កំពុងប្រឈមមុខនឹងបញ្ហាពីជំងឺឆ្លងកូវីដ-១៩ ជាលើកទី២ បន្ទាប់ពីថ្ងៃទី១១ ខែមិថុនាកន្លងទៅគឺមួយថ្ងៃមុនការបន្តជើងឯកលីគលំដាប់ទី១របស់រ៉ូម៉ានី កីឡាករម្នាក់របស់ក្រុមនេះត្រូវបានរកឃើញថា បានធ្វើតេស្តវិជ្ជមាន។ សម្រាប់ការប្រកួតរវាងក្រុម Dinamo ជាមួយក្រុម Chindia Targoviste ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនានោះត្រូវបានពន្យារពេលរហូតមកដល់ពេលនេះ។
ចាប់តាំងពីការបន្តការប្រកួតនៃជើងឯកលីគទី១របស់ប្រទេសរ៉ូម៉ានីមក ករណីឆ្លងជំងឺកូវីដ-១៩ជាច្រើនត្រូវរកឃើញដែលនាំឱ្យមានការផ្អាកការប្រកួតក្នុងប្រទេសមួយនេះ។
សូមបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ-១៩ថ្មីមានប្រមាណ៧៧៧ករណីត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនៅក្នុងប្រទេសរ៉ូម៉ានី។ គិតត្រឹមថ្ងៃសុក្រ ទី១៧ កក្កដាប្រទេសនេះមានប្រជាជនប្រមាណ៣៥.០០៣នាក់ឆ្លងជំងឺកូវីដ-១៩ និងមានអ្នកស្លាប់១.៩៧១នាក់ និងមនុស្សចំនួន ២២.១៨៩នាក់បានព្យាបាលជាសះស្បើយ។ ការរាតត្បាតនៃជំងឺកូវីដ-១៩បានស្ទុះងើបឡើងវិញនៅរ៉ូម៉ានីចាប់តាំងពីពាក់កណ្តាលខែមិថុនា។ ចំនួនករណីថ្មីក្នុងមួយថ្ងៃមានជាមធ្យមជាង ៣២០នាក់ចាប់ពីថ្ងៃទី១៦ ខែមិថុនាដល់ថ្ងៃទី៣០ ខែមិថុនា ខណៈដែលករណីឆ្លងប្រចាំថ្ងៃចាប់តាំងពីដើមខែកក្កដាមកតួលេខនៃការឆ្លង មានលើសពី៥០២នាក់ ៕