ក្រុមកាំភ្លើងធំ Arsenal បានបំបាក់ក្រុមខ្លាំងមេឃខៀវ Manchester City ក្នុងលទ្ធផល ២ទល់០ ក្នុងការ ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខ័ណ្ឌអង់គ្លេស FA Cup រដូវកាល២០១៩-២០២០កាលពីរាត្រី ថ្ងៃទី១៨ កក្កដាម្សិលមិញក្នុងកីឡដ្ឋាន Wembley ។
ក្រុមរបស់លោក Mikel Arteta ធ្វើបានល្អដោយរកបាន១គ្រាប់នៅតង់ទី១ និង១គ្រាប់ទៀតនៅតង់ទី២។ ២គ្រាប់នេះរកបាដោយកីឡាករតែម្នាក់គឺខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Pierre-Emerick Aubameyang នៅនាទីទី១៩ និងនាទីទី៧១។
នៅក្នុងការប្រកួតកាលពីយប់មិញក្រុម Man City បានគ្រប់គ្រងបាល់រហូតដល់៧១ភាគរយ ប៉ុន្តែមិនអាចបំបោងសំណាញ់ទីក្រុមកាំភ្លើងធំបានឡើយ ផ្ទុយទៅវិញក្រុមកាំភ្លើងធំមានឱកាសរកគ្រាប់បាល់ដល់ទៅ២គ្រាប់ទៅវិញ ដែលធ្វើឲ្យក្រុមកាំភ្លើងធំឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ទៅប៉ះ Chelsea ឬ Manchester United ដែលត្រូវប្រកួតគ្នានៅយប់នេះ។
សូមបញ្ជាក់ថា ក្រុមកាំភ្លើងធំ Arsenal ធ្លាប់ឈ្នះពានFA Cup នេះច្រើនជាងគេរហូតដល់១៣ដង ខណៈដែលMan City ធ្លាប់ឈ្នះ៦ដង។ ចំណែកក្រុមដែលត្រូវប្រកួតយប់នេះក្រុមតោខៀវ Chelsea ធ្លាប់ឈ្នះ៨ដង និងបិសាចក្រហមManchester United ធ្លាប់ឈ្នះ១២ដង។ ក្រុមកាំភ្លើងធំArsenal នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Aston Villa នៅថ្ងៃទី២២ ខែកក្កដា ខណៈដែលក្រុមមេឃខៀវ Man City នឹងត្រូវប៉ះក្រុមភ្ញៀវ Watford នៅថ្ងៃទី២២ កក្កដាដែរ ក្នុងក្របខ័ណ្ឌលីកកំពូលអង់គ្លេសដែលនៅសល់២ប្រកួតទៀតចប់រដូវកាល ៕
ដោយ៖ ភារៈ