មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនកាលពីថ្ងៃទី១៨ខែកក្កដាបានដឹកនាំកិច្ចប្រជុំពិភាក្សាពីយុទ្ធសាស្ត្រ ទប់ស្កាត់សង្គ្រាមបរមាណូ ។ ជាមួយគ្នានោះកូរ៉េខាងជើងក៏បានប្រកាសពីការផលិតគ្រាប់រំសេវ និងអាវុធទំនើបៗសម្រាប់បំពាក់ឲ្យកម្លាំងទាហានការពារជាតិ។
នៅក្នុងកិច្ចប្រជុំនោះមានការចូលរួមពីលោកRi Pyong Chol អនុប្រធានគណៈកម្មការមជ្ឈិមនិងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ សកម្មភាពខាងលើកើតឡើងខណៈភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េកាន់តែឡើងកម្ដៅ។
សារព័ត៌មានកូរ៉េខាងជើងKCNAនៅថ្ងៃទី១៩ខេកក្កដា បានផ្សព្វផ្សាយនៅអត្ថបទពាក់ព័ន្ធកិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិមបានប្រព្រឹត្តទៅ កាលពីថ្ងៃ១៨ខែកក្កដា ហើយនៅក្នុងជំនួបនោះ លោក គីម ជុងអ៊ុន ក៏បានអនុម័តផងដែរលើផែនការសំខាន់ៗមួយចំនួន។
នេះគឺជាលើកដំបូងបំផុតដែលលោក គីម ជុងអ៊ុន បង្ហាញខ្លួនដឹកនាំកិច្ចប្រជុំជាសាធារណៈ ។ កាលពីដើមខែកក្កដា លោកគីម ក៏បានបង្ហាញខ្លួនពេលចូលរួមគោរពវិវិញ្ញាណក្ខន្ធ ឪពុក និងជីតា នៅវិមានក្នុងទីក្រុងព្យុងយ៉ាង៕