ជនជាតិចិន ដែលយកកាំបិតប៉័ងតោកាប់សន្តិសុខបណ្តាលអោយរងរបួសធ្ងន់ធ្ងរ គ្រាន់តែខឹងមិនអោយនាំឆ្កែចូលបន្ទប់សណ្ឋាគារ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ៖នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នេះ លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបុរសជនជាតិចិនម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ពាក់ព័ទ្ធការយកកាំបិតប៉័ងតោកាប់សន្តិសុខបណ្តាលអោយរងរបួសធ្ងន់ធ្ងរ គ្រាន់តែខឹងមិនអោយនាំឆ្កែចូលបន្ទប់សណ្ឋាគារ ។

សូមបញ្ជាក់ថា ហេតុការណ៍នៃអំពើហិង្សានេះ កើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារមួយ នៃខណ្ឌចំការមន ។

ដំបូង គឺ ជនបង្កឈ្មោះ Zhao Long Wei និង ប្រពន្ធបានមកពីខាងក្រៅ ។ ពេលមកដល់សណ្ឋាគារ មានកាន់កូនឆ្កែមួយ ។ ពេលនោះ ជនរងគ្រោះឈ្មោះ ចេវ សារួន ក៏បានធ្វើការហាមឃាត់ មិនអោយជនសង្ស័យយកឆ្កែចូលសណ្ឋាគារ ទេ ព្រោះជាបំរាមរបស់សណ្ឋាគារ ដោយជនបង្កមានអាការៈស្រវឹងជោកជាំផងដែរ ។

ទោះបីយ៉ាងណា ជនបង្កមិនស្តាប់ការហាមឃាត់ឡើយ ក៏បាននាំកូនឆ្កែឡើងតាមជណ្តើរយន្តទៅបន្ទប់ស្នាក់នៅជាន់ទី២៨ នៃសណ្ឋាគារ ។ ពេលនោះ ជនរងគ្រោះ និង សន្តិសុខ ផ្សេងទៀត បានទៅឃាត់ជនសង្ស័យមិនអោយយកឆ្កែចូលបន្ទប់ឡើយ ។ ទំនងជាខឹង , ជនបង្កបានចូលយកកាំបិតប៉័ងតោ មកកាប់លើជនរងគ្រោះ ចំចង្កេះខាងស្តាំបណ្តាលអោយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ ។

ចំណែកជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print