អាងទឹកតំបន់ ស្ថិតនៅជាប់ព្រំប្រទល់រវាងស្រុកព្រៃឈរ និងស្រុកជើងព្រៃត្រូវអាជ្ញាធរខេត្ដកំពង់ចាម និងក្រសួងធនធានទឹក ធ្វើការជួសជុលឡើងវិញ

ចែករំលែក៖

​ កំពង់ចាម : ទំនប់អាងទឹកដែលមានប្រវែងជាង ៣ពាន់ម៉ែត្រ ដែរស្ថិតនៅជាប់ព្រំប្រទល់ស្រុកព្រៃឈរ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានធ្វើការជួសជុលឡើងវិញក្រោយពីរងការខូចខាតដែលអាជ្ញាធរខេត្តកំពង់ចាមសហការជាមួយក្រសួងធនធានទឹក និងឧតុនិយមដើម្បីជំរុញលើវិស័យកសិកម្មក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ ប្រជាពលរដ្ឋ នៅក្នុងតំបន់ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនលទ្ធភាព នៃការបង្កបង្កើនផល របស់ប្រជាកសិករ។

នេះបើតាមការបញ្ជាក់របសលោក អ៊ុម វិបុល ប្រធាន មន្ទីរ ធនធានទឹក និង ឧតុនិយម ខេត្តកំពង់ចាម បានឱ្យដឹងថា ទំនប់អាងទឹកតំបន់នេះ មានប្រវែងជាង ៣ពាន់ម៉ែត្រ ស្ថិតនៅ​ជាប់​ព្រំប្រទល់ស្រុកព្រៃឈរ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោកបានបន្ដថា ក្នុងការជួស​ជុល​ទំនប់អាងទឹកតំបន់ឡើងវិញគឺត្រូវជួសជុលនៅសំណង់សិល្បការ រួមមានជួសជុលទំនប់អាងទឹកប្រវែង៣,៩០០ម៉ែត្រ និងទ្វារទឹកចំនួន០៣កន្លែង តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ដែលបានធ្វើការស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការជួសជុល កែលម្អសំណង់នេះឡើងវិញ។ លោកប្រធានមន្ទីរបានបន្ដទៀតថា ទំនប់អាងទឹកនៅតំបន់នេះ អាចមាន​លទ្ធភាពរក្សា​ទឹកទុកបានចំនួនប្រមាណជាង១២លានម៉ែត្រត្រីគុណ អាចមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណជាង៧០០ហិកតាដែលក្នុងនោះផ្ទៃដីស្រូវស្រូវវស្សាប្រមាណជាង ៤៥២ហិកតា និងផ្ទៃដីស្រូវប្រាំង១.២៥០ហិកតា ព្រមទាំងដំណាំរួមផ្សំ ៤០ហិកតា ក្នុងភូមិ ចំនួន ១០ភូមិដែលមានប្រជាពលរដ្ឋប្រមាណជាង៣,២០០គ្រួសារ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃដែលទទួលបានពឹងអាស្រ័យលើអាងតំបន់នេះ។
​ជាមួយគ្នានេះដែរ ឯកឧត្តម ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួង​ធន​ធានទឹក និងឧតុនិយម និង ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញ ចុះពិនិត្យទំនប់អាងទឹកតំបន់ និងសំណង់សិល្បការ ខាងលើនេះ ដែលបានស្ថាបនារួចរាល់ជាជាស្ថាពរហើយនោះ។
ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានធ្វើការណែនាំដល់ដល់ប្រជាពលរដ្ឋនិងអាជ្ញាធរ ភូមិ ឃុំ ស្រុក  រួមគ្នាថែរក្សាការពារសមិទ្ធដែលទទួលបាននេះឱ្យបានគង់វង្សយូរ អង្វែងព្រោះវាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋយើងពីទំនប់នេះ ដូចជាប្រព័ន្ធគមនាគមន៍ដ៏សំខាន់ក្នុងការដឹកនាំកសិផលធ្វើបានទៅកាន់ទីផ្សារ និងមានការ​ងាយស្រួល​ដល់ការធ្វើដំណើររបស់បងប្អូនជាពិសេសតំបន់នេះក្លាយជារមណីដ្ឋានទេសចរណ៍អាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្ដរជាតិឱ្យមកកម្សាន្តនៅក្នុងតំបន់ទំនប់នេះក្នុងការរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមអភិបាលខេត្ដកក៏បានណែនាំដល់មន្ទីរ​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត អាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ ដាំដើមស្តៅតាមបណ្តោយទំនប់ ដើម្បីការពារការហូរច្រោះជើងទំនប់។ ទន្ទឹមនេះ នឹងជួយ​បង្កើនសោភណភាពទំនប់និងលើកកម្ពស់សោភណភាពបៃតងនិងបង្កើតជាគម្របបរិស្ថានបៃតងដល់តំបន់នេះ ឱ្យមានសោភ័ណភាពស្រស់បំព្រងដើម្បីប្រែក្លាយតំបន់នេះទៅជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញអាចស្រូបបានភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តកាន់តែច្រើនថែមទៀត៕ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print