អាមេរិក៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៩ខែកក្កដា បានប្រកាស ទទួលខុសត្រូវពីការជះឥទ្ធិពលអាក្រក់ ដោយសារតែកូវីដ១៩នៅទូទាំងទឹកដីអាមេរិក។ ប៉ុន្តែលោកត្រាំបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅអាមេរិក ដោយកូវីដ១៩ គឺទាបបំផុត។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fox News កាលពីថ្ងៃទី១៩ ខែកក្កដា អ្នកដឹកនាំកម្មវិធីបានសួរលោកត្រាំ ពីមូលហេតុដែលអាមេរិក មិនមាន«គម្រោងជាតិ»ដើម្បីទប់ស្កាត់ជំងឺឆ្លង កូវីដ១៩ ហើយប្រធានាធិបតី ជាអ្នកទទួលខុសត្រូវចំពោះបញ្ហានេះដែរឬទេ?
លោកត្រាំបានឆ្លើយតបភ្លាមៗថា«ខ្ញុំនឹងទទួលខុសត្រូវគ្រប់យ៉ាង ដោយទាំងនោះជាការងាររបស់ខ្ញុំ។ អភិបាលរដ្ឋមួយចំនួនបានធ្វើបំពេញការងារយ៉ាងល្អ ចំណែកអភិបាលរដ្ឋមួយចំនួនទៀត ធ្វើមិនបានល្អឡើយ»។
តាមសារព័ត៌មាន The Guaridan ការប្រកាសខាងលើរបស់លោកត្រាំគឺផ្ទុយពីអ្វីដែល លោកបានលើកឡើងកាលពីខែមីនាកន្លងមក ដោយលោកបញ្ជាក់ថា នឹងមិនទទួលខុសត្រូវចំពោះការបរាជ័យក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ១៩នោះឡើយ។
អាមេរិក គឺជាប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបង្អស់លើពិភពលោក ដោយមានអ្នកឆ្លងជាង៣,៩លាននាក់ ចំណែកអ្នកស្លាប់វិញ មានជាង១៤០ពាន់នាក់ផងដែរ។ ចំណែកអ្នកឆ្លងនៅលើពិភពលោកវិញគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤,៦៣០,២៤៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦០៨,៥៣៣នាក់ និងជាសះស្បើយឡើងវិញ ៨,៧៣០,១៣១នាក់៕
ដោយ៖ ធី រីណា