នៅថ្ងៃទី២០ ខែកក្កដានេះ លោកTewan Liptapanlop ប្រធានការិយាល័យនាយរដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បានសម្រេចលាលែងចេញពីតំណែងនៅថ្ងៃទី ២០ខែកក្កដានេះ។ ការលាលែងពីតំណែងរបស់លោក ក្លាយជាមន្ត្រីទី៥ហើយក្នុងជួរគណៈរដ្ឋមន្ត្រីថៃដែលបានលាលែងចេញពីតំណែង ក្នុងរយៈពេល៥ថ្ងៃកន្លងមក។
អ្នកនាំពាក្យគណបក្សChart Pattana លោក Yaowapa Boorapolchai បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា ថ្នាក់ដឹកនាំគណបក្សបានសម្រេចឲ្យលោកTewan Liptapanlop ចាកចេញពីគណៈរដ្ឋមន្ត្រីជាការបើកផ្លូវក្នុងការកែទម្រង់ រដ្ឋាភិបាល។
គណបក្សChart Pattana ស្ថិតនៅក្នុងគណបក្សទាំង២០ដែលបានចូលរួមក្នុងរដ្ឋាភិបាលចម្រុះ ដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា ហើយគណបក្សChart Pattana មានតែមួយកៅអីក្នុងគណៈរដ្ឋមន្ត្រី។
កន្លងមក ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុUttama Savanayana រដ្ឋមន្ត្រីក្រសួងថាមពលSontirat Sontijirawong និងរដ្ឋមន្ត្រីទទួលបន្ទុកវិទ្យាសាស្ត្រស្រាវជ្រាវ និងការបង្កើត លោកSuvit Maesincee បានសម្រេចលាលែងចេញពីតំណែង។ រដ្ឋមន្ត្រីទាំង៤រូបខាងលើស្ថិតនៅក្នុងក្រុម ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រីSomkid Jatusripitak ។ មកទល់ពេលនេះការលាលែងចេញពីតំណែងខាងលើរបស់មន្ត្រីទាំង៥ រូបមិនបានបញ្ជាក់ពីមូលហេតុនោះឡើយ៕
ដោយ៖ ធី រីណា