ក្រុម កឹម សុខា នៅប្រទេសបារាំងហៅក្រុម សម រង្ស៉ី ថា៖ “ជាក្រុមបោក ៩ វិច្ឆិកា” ក្រោយសង្គ្រាមសម្តីរវាងក្រុម កឹម សុខា និង សម រង្ស៉ី ផ្ទុះកាន់តែខ្លាំង!

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីលោក កឹម សុខា មានសេរីភាពក្នុងការធ្វើដំណើរចុះទៅតាមបណ្តាខេត្ត និងជួបសួរសុខទុក្ខសកម្មជនមួយចំនួននោះ បានធ្វើឲ្យផ្ទុះសង្គ្រាមសម្តីរវាងក្រុមអ្នកគាំទ្ររបស់លោក កឹម សុខា និងក្រុមអ្នកគាំទ្ររបស់លោក សម រង្ស៉ី បានពុះកញ្ជ្រោលជាថ្មី ខណៈក្រុមលោក កឹម សុខា នៅប្រទេសបារាំងហៅក្រុម សម រង្ស៉ី ថា «ក្រុមបោក វិច្ឆិកា»

ជាក់ស្តែងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ លោក ម៉ៅ មុនីវណ្ណ មនុស្សស្និទ្ធនឹងលោក កឹម សុខា បានហៅក្រុមលោក សម រង្ស៉ី ថាជាអ្នកអនុវត្តន៍នយោបាយគណបក្សប្រជាជនកម្ពុជា ព្រោះតែក្រុមលោក សម រង្ស៉ី ចោទលោក កឹម សុខា ថា «ក្បត់»

បើយោងតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា «CNRP France» បានវាយបកទៅក្រុមរបស់ទណ្ឌិត សម រង្ស៉ី វិញថាជា «ក្រុមបោក វិច្ឆិកា» ហ្វេសប៊ុក «CNRP France» បានរៀបរាប់ដូច្នេះថា «យើងដឹង យើងយល់ ពីគំនិតរបស់អ្នកច្បាស់ណាស់។ យើងនឹងបន្តធ្វើអ្វីដែលយើងអាច និងត្រូវ ធ្វើទៅមុខទៀត ដោយមិនរង់ចាំ អ្នកចាំមើល និងអ្នកចាំថា នោះទេ! បោកខ្មែរ បោកអន្តរជាតិ វិច្ឆិកា២០១៩ឥឡូវចង់បោកពីអ្វីទៀត? គេឈប់ជឿហើយ

ហ្វេសប៊ុក «CNRP France» ដែលជាចលនាគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំង បានរៀបរាប់ដែរថា ការចោទរបស់ក្រុមទណ្ឌិត សម រង្ស៉ី នេះ មិនមែនជារឿងថ្មីនោះឡើយ ព្រោះក្រុមនេះធ្លាប់បានចោទជាហូរហែរមកហើយដូចជា៖ ពេលលោក កឹម សុខាជាប់ពន្ធនាគារនៅត្រពាំងផ្លុង ចោទថាជាប់ពន្ធនាគារសិប្បនិម្មិត, ពេលលោក កឹម សុខា ជាប់ឃុំក្នុងផ្ទះ បែរជាយកធ្វើល្បែងភ្នាល់, ពេលលោក កឹម សុខា ទទួលបានបន្ធូរបន្ថយកម្រិតសេរីភាព ជេរត្មិះតិះដៀលថា លក់ក្បាល ក្បត់ យកលុយគេ, ពេលលោក កឹម សុខា បញ្ជូនខ្លួនទៅជំនុំជម្រះដៀលចោទថា ដើរតួល្ខោនសម្ដែង និងពេលលោក កឹម សុខា ជួបឯកអគ្គរដ្ឋទូតរាជទូត នៅកម្ពុជា បែរជាចោទថា ឃើញតែជួបគ្មានបានការអី សម្ងំសុខ ខ្លាចមិនហ៊ានចេញជាដើម។

ហ្វេសប៊ុករបស់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំង បានបង្ហាញការហួសចិត្តថា ក្រុមទណ្ឌិត សម រង្ស៉ី ពិតជាក្រុមអាមិនចេះខុស ហើយលោក កឹម សុខា ខុសរហូត។

សូមជម្រាបថា សង្គ្រាមសម្តីរវាងក្រុមទាំងពីរមិនមែនជារឿងថ្មីថ្មោងនោះឡើយ គឺកើតមានចាប់តាំងពីលោក សម រង្ស៉ី បង្កើតចលនាសង្គ្រោះជាតិ (CNRM) ក្រោយពេលលោក កឹម សុខា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនៅឆ្នាំ២០១៧មកម្ល៉េះ។ កាលនោះក្រុមគាំទ្រលោក កឹម សុខា បានហៅការបង្កើតចលនាថ្មីនោះថា ជាចលនាក្បត់លោក កឹម សុខា។ ប៉ុន្តែនាពេលថ្មីៗនេះ សំនួនវោហាស័ព្ទវាយប្រហាររវាងភាគីទាំងពីរបានផ្ទុះឡើង និងស្រួចស្រាវជាថ្មីម្តងទៀត បន្ទាប់ពីលោក កឹម សុខា បានធ្វើដំណើរចុះទៅតាមបណ្តាខេត្ត និងតំបន់កម្សាន្តនានា ដោយមិនមានការយាយី ឬរំខានពីអាជ្ញាធរនោះ។ ម្តងនេះក្រុមគាំទ្រលោក សម រង្ស៉ីបានចេញមកចោទលោក កឹម សុខា វិញម្តង។

លោក កឹម សុខា ការអាចធ្វើដំណើរចុះទៅតាមខេត្ត និងជួបសកម្មជនអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ដោយគ្មានការរំខានពីអាជ្ញាធររបស់កម្ពុជា ត្រូវបានក្រុមអ្នកគាំទ្រលោក សម រង្ស៉ី ដាក់ការសង្ស័យ និងចោទប្រកាន់ថា លោក កឹម សុខា ក្បត់ឆន្ទៈ ក្បត់ស្មារតីអតីតគណបក្សសង្គ្រោះជាតិ និងចុះចូល ឬបម្រើសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រមុខគណបក្សប្រជាជនកម្ពុជា។ ដោយការចោទប្រកាន់ និងការវាយប្រហាររបស់ក្រុមអ្នកគាំទ្ររបស់លោក សម រង្ស៉ី ទណ្ឌិតរត់គេចខ្លួនពីសំណាញ់ច្បាប់ ត្រូវបានរំលេចឡើងយ៉ាងច្រើនលើបណ្តាញសង្គមហ្វេសប៊ុក។

ក្រោយការវាយប្រហារពីសំណាក់ក្រុមអ្នកគាំទ្រទណ្ឌិត សម រង្ស៉ី ធ្វើឱ្យក្រុមគាំទ្រលោក កឹម សុខា នៅមិនសុខ និងចេញសំណេរវាយបកយ៉ាងព្រោងព្រាត លើបណ្តាញសង្គមរាប់ពីអ្នកគាំទ្រតូចតាច រហូតដល់មនុស្សជំនិតរបស់លោក កឹម សុខា។

គួរបញ្ជាក់ថា តាមរយៈសង្គ្រាមសម្តីរវាងអ្នកគាំទ្រលោក កឹម សុខា និងក្រុមអ្នកគាំទ្រទណ្ឌិត សម រង្ស៉ី នេះ ក្រុមអ្នកវិភាគសង្គមលើកឡើងថាសម្ព័ន្ធមិត្ត «កឹម សុខា និង សម រង្ស៉ី» «កឹម សុខា និង សម រង្ស៉ី» ជាមនុស្សតែមួយ ប្រហែលជាលែងមានទៀតហើយ។ កឹម សុខា និងសម រង្ស៉ី បានវិលត្រឡប់ទៅរកធាតុដើមមុនឆ្នាំ២០១២ គឺធាតុទឹក និងប្រេង ដែលមិនអាចរលាយចូលគ្នាបាននោះឡើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print