ខេត្តស្ទឹងត្រែង៖ ក្រោយពីទទួលបានការផ្សព្វផ្សាយទូលំទូលាយពាក់ព័ន្ធផ្លូវច្បាប់ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរួចមក នៅវេលាព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋនៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានយកកាំភ្លើងAK. CKC និងអាវុធកែច្នៃ ចំនួន៣៩ដើមយកមកប្រគល់ឱ្យសមត្ថកិច្ចរក្សាទុក។
លោកទេស ភាលាប អធិការនគរបាលស្រុកសេសាន បានឱ្យដឹងថា បន្ទាប់ពីមានផែនការពីគណៈបញ្ជាការឯកភាពខេត្តក៏ដូចជាស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយអាជ្ញាធរភូមិ-ឃុំ-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ទូទាំងស្រុកសេសាន ចុះផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យយល់ដឹងពីការរក្សាទុកនិងថែរក្សាអាវុធគឺជាការខុសច្បាប់។
លោកអធិការបានបន្តថា ក្រោយពីមានការផ្សព្វផ្សាយប្រជាពលរដ្ឋយ៉ាងទូលំទូលាយមក ប្រជាពលរដ្ឋបានយល់ដឹងភ្ញាក់រលឹកបាននាំគ្នាយកអាវុធមកប្រគល់ជូនដល់សមត្ថកិច្ចនគបាលតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលទាំង៧ នៃអធិការដ្ឋាននគរបាលស្រុកសេសានសរុបមានចំនួន៣៩ដើម។
លោកអធិការស្រុកបានបន្តថា ការប្រគល់អាវុធទាំងនេះ គឺជាការយល់ដឹងរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាសន្តិសុខសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានភូមិ ឃុំ មានសុវត្ថិភាព។ អាវុធទាំង៣៩ដើម ក្នុងនោះមានK44 ១ដើម, AK47 ២ដើម, CKC ១ដើម, កាណុងទទេ ២ដើម, ស្នាតេះ ១ដើម, អាវុធកែច្នៃ៣២ដើម។
បច្ចុប្បន្នអាវុធចំនួន៣៩ដើមខាងលើត្រូវបានប្រគល់ជូនដល់ការិយាល័យអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរក្សាទុក ៕ ដោយ៖មាស សុផាត