ភ្នំពេញ៖ លោក ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ ស្រុកក្រឡាញ់ខេត្តសៀមរាប បានរៀបចំគំរោងសាកល្បង ២ ដើម្បីជួយប្រជាជន ក្រ ១ និងក្រ២ នៅឃុំតាអាន និងឃុំក្រឡាញ់ស្រុកក្រឡាញ់ខេត្តសៀមរាប ដែលគំរោងនោះរួមមាន៖
១-គំរោងកង្កែប ៥០០ ក្បាល ។
២-គំរោងទំពាំងផ្អែម ។
គំរោងកង្កែប ៥០០ក្បាល គឺជាគម្រោងដែល ផ្តល់សម្ភារៈសម្រាប់ធ្វើទ្រង់ពូជកង្កែប ៥០០ក្បាល ចំណី និងផ្តល់គ្រូបង្គោល សម្រាប់ជួយក្នុងការចិញ្ចឹម ហើយប្រមូលទិញពីក្រុមគោលដៅវិញ។
កសិករពុំបាច់ចេញដើមទុនឡើយ គ្រាន់តែចេញកម្លាំង និងការ មើលថែនៅពេលប្រមូលផលប្រាក់ចំណេញប្រមូលយក រីឯដើមទុន ចិញ្ចឹមបន្តទៀត។
រីឯគំរោងដាំឬស្សី ទំពាំងផ្អែម ដែលសាកល្បងនៅ ឃុំក្រឡាញ់ស្រុក្រឡាញ់ខេត្តសៀមរាប ក៏ប្រហាក់ប្រហែលនិងគម្រោងកង្កែប ៥០០ ក្បាលដែរ ដែលធ្វើឡើងលើក្រុមគោលដៅ ក្រ១ ក្រ២អោយគាត់យកពូជឬស្សីផ្អែមដែលគ្រូបង្គោលបានផ្សាំ ហើយយកទៅដាំតាមភូមិរបស់ខ្លួនទៅតាមលទ្ធភាពរៀងៗខ្លួន លុះក្រោយពីបានផល មេក្រុមដើរកាត់ហើយផ្តល់តម្លៃទីផ្សារជាក់ស្តែង ទៅតាមចំនួនគីឡូ ដែលពួកគេម្នាក់ៗមាន ហើយគ្រូបង្គោលយកទៅបោះដុំអោយ ម៉ូយបន្ត។
ចំណែកឯគ្រូបង្គោល គឺលោក ជា ច័ន្ទបរិបូរណ៌បានជ្រើសចេញអំពីគម្រោងប្រឡងប្រណាំងដាំដំណាំ និងចិញ្ចឹមសត្វកំដរឆ្នាំង ដែល ឯកឧត្តមបានបង្កើតឡើងកាលពីឆ្នាំ២០១៩កន្លងទៅនៅស្រុកក្រឡាញ់។
លោក បានបញ្ជាក់ថា ៖ប្រជាជននៅតាមមូលដ្ឋាន ដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ពួកគេភាគច្រើន តែងតែទុកដីក្នុងភូមិរបស់គេអោយទំនេរ មិនបានដាំដំណាំ ចិញ្ចឹមសត្វសម្រាប់បរិភោគ ឬបេះបោចកំដរឆ្នាំងឡើយ ដោយឯកឧត្តមឃើញបែបនេះ ទើបគិតថា៖ ត្រូវតែចាប់ដៃគាត់អោយឧស្សាហ៍ កុំរង់ចាំតែជំនួយ យើងត្រូវប្រឹងអោយអស់លទ្ធភាព ។
សូមបញ្ជាក់ថា៖ គំរោងសាកល្បងនេះ ទ្រទ្រង់ថវិការដោយ ឯកឧត្ដម និងសប្បុរសជន ជាមិត្តភក្តិ របស់ឯកឧត្តមចូលរួម លោក បានមានប្រសាសន៍បន្ថែមទៀតថា៖ ក្រោយពីគំរោងសាកល្បងនេះបានជោគជ័យ ឯកឧត្តមនិងពង្រីកគំរោងនេះអោយមានទ្រង់ទ្រាយធំតែម្តង ៕
ដោយ៖ សហការី