ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបេីករថយន្តលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរសអ្នកជិះម៉ូតូរងរបួសបាក់ជេីងម្ខាងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខវត្តទួលទំពូង តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ហេីយជនបង្កបានព្យាយាមបេីករថយន្តគេចចេញពីការទទួលខុសត្រូវរហូតមកដល់ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ក៏ត្រូវសមត្ថកិច្ចដេញឃាត់បានភ្លាមៗ។
តាមសាក្សីនៅកន្លែងកេីតហេតុបាន ឲ្យដឹងថា មុនពេលកេីតហេតុគេបាន
ឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម
ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1J -8595 ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកេីត
ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកRAV4 ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2G -0328 បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីកេីតទៅលិចហេីយបានបត់ឆ្វេងបំណងទៅផ្លូវលេខ១៣៥ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យជនរងគ្រោះរបួសបាក់ជេីងខាងឆ្វេង។
សាក្សីដដែលបានបន្តថា ភ្លាមនោះជនសង្ស័យបានព្យាយាមបេីករថយន្តគេចខ្លួនរហូតទៅដល់ផ្លូវលេខ២៧១ ជិតនិងមន្ទីរពេទ្យរុស្ស៊ីក៏ត្រូវនគរបាលដេញឃាត់បានតែម្តង ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ដោយឡែកម្ចាស់រថយន្តនិងរថយន្តរួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយតាមច្បាប់៕ដោយសុខាសែនជ័យ