ខ្សែបម្រើវ័យក្មេង Bellingham ចូលរួមជាមួយក្លឹប Borussia Dortmund

ចែករំលែក៖

ខ្សែបម្រើវ័យ១៧ឆ្នាំ Jude Bellingham បានបញ្ចប់ការផ្លាស់ប្តូរពីក្លឹប Birmingham City FC ទៅក្លឹប Borussia Dortmund ជាផ្លូវការហើយ។ Bellingham ដែលលេងឱ្យក្រុមជម្រើសជាតិអង់គ្លេស U-17 ផងដែររកបាន៤គ្រាប់ និង Assist ៣ដងឲ្យក្លឹប Birmingham ក្នុងការបង្ហាញខ្លួន៤០ប្រកួតនៅរដូវកាលនេះ។

យោងតាមសេចក្តីថ្លែងការណ៍ក្លឹប ​​Dortmund បានឱ្យដឹងថា Bellingham នឹងចូលរួមជាមួយក្លឹបនៅថ្ងៃទី៣០ ខែកក្កដានៅពេលពួកគេកំពុងត្រៀមសម្រាប់រដូវកាលខាងមុខនេះរួមទាំងទៅជំរុំហ្វឹកហាត់រយៈពេលមួយសប្តាហ៍នៅ Bad Ragaz ប្រទេសស្វីស។ គាត់នឹងបន្តពាក់លេខ២២នៅក្លឹប Dortmund ។

ក្រោយពីចុះកិច្ចសន្យាជាមួយក្លឹបយក្សនៅអាល្លឺម៉ង់មួយនេះ កីឡាករ Jude Bellingham បាននិយាយថា “ខ្ញុំមិនអាចអរគុណដល់ Birmingham City ដែលពួកគេបានធ្វើសម្រាប់ខ្ញុំមិនត្រឹមតែក្នុងរដូវកាលនេះទេ ប៉ុន្តែចាប់តាំងពីខ្ញុំមានអាយុ៧ឆ្នាំមកម្ល៉េះ។ ទោះយ៉ាងណាខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមជាមួយក្លឹបធំបំផុតមួយនៅអឺរ៉ុប។ ខ្ញុំរង់ចាំបង្ហាញមុខចំពោះអ្នកគាំទ្រជាង៨០,០០០នាក់ដែលកំពុងរង់ចាំក្នុងកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក”។

នាយកកីឡាលោក Michael Zorc ក៏បានឲ្យដឹងដែរថា “Bellingham បានសំរេចចិត្តដោយមានទំនុកចិត្តថានឹងបន្តអាជីពរបស់គាត់នៅឯ Borussia Dortmund។ គាត់មានសក្តានុពលដ៏ធំធេងដែលយើងនឹងបន្តអភិវឌ្ឍរួមគ្នាជាមួយគាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ គុណភាពគាត់គួរឱ្យភ្ញាក់ផ្អើល ដោយមានមានចិត្តគំនិតរឹងមាំក្នុងការចាប់ផ្ដើមនិងពង្រឹងក្រុមដំបូងរបស់យើង។

គួរបញ្ជាក់ថា ក្លឹប Dortmund មិនបានបង្ហាញព័ត៌មានលំអិតនៃកិច្ចសន្យាទិញកីឡាករ Bellingham នេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានបង្ហាញថា ក្លឹបបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយកីឡាករវ័យក្មេងរូបនេះ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print