អន្តរជាតិ៖ អ្នកទោសចំនួន ៥១០នាក់ ដែលជាប់នៅក្នុងពន្ធនាគារមួយនៃរដ្ឋតិចសាស ត្រូវបានគេធ្វើតេស្តរកឃើញថា មានផ្ទុកជំងឺ COVID-19 ។ នេះបើតាមការអះអាងពីមន្រ្តីការិយាល័យពន្ធនាគារអាមេរិក បានជូនដំណឹងឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ។
តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះថា ពន្ធនាគារខាងលើមានឈ្មោះថាមជ្ឍមណ្ឌលវេជ្ជសាស្រ្តសហព័ន្ធ ខាស្វែល (Carswell) ឬហៅកាត់ថា FMC Carswell ស្ថិតនៅទីក្រុង ហ្វតវើស (Fort Worth) នៃរដ្ឋតិចសាស។ ដោយពន្ធនាគារនេះ គឺសម្រាប់ដាក់តែអ្នកទោសជាស្ត្រី ដែលមានបញ្ហាសុខភាព និងបញ្ហាផ្លូវចិត្តប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ននេះមានអ្នកទោសសរុបប្រមាណ ១,៣៥៧នាក់។
សូមជម្រាបថា បើគិតចាប់តាំងពីខែមេសាមកម្ល៉េះ អ្នកទោសជាច្រើនបានសម្តែងការព្រួយបារម្ភ ជុំវិញការរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវមួយនេះ ខណៈនៅក្នុងពន្ធនាគាររបស់ពួកគេ មិនមានឧបករណ៍ការពារ និងអនាម័យគ្រប់គ្រាន់នោះឡើយ៕ដោយ៖ស តារា