ខេត្តពោធិ៍សាត់ ៖ រសៀលថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នេះ សមត្ថកិច្ចនគរបាលស្រុកក្រគរ បានទទួលបទបញ្ជាពីថ្នាក់លើឲ្យធ្វើការអប់រំប្រជាកសិករចំនួន ៤នាក់ បន្ទាប់ពីពួកគាត់បានឯកភាព និងព្រមព្រាងគ្នារូសរើខ្ទម និងរបងព័ទ្ធចេញពីលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន(ភាពីមុិចគ្រប់) ។
ប្រភពព័ត៌មានពីនគរបាលស្រុកក្រគរ បង្ហើបប្រាប់ថា ប្រជាកសិករទាំងចំនួន ៤នាក់ខាងលើនេះ ទី១ ឈ្មោះ ផុន ណុច ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ទី២ ឈ្មោះ ហ៊ន ឡៃ ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ទី៣ ឈ្មោះ សន សុខឡាភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ និងទី៤ ឈ្មោះ ហ៊ន ស្រីលី ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នអ្នកទាំង ៤នាក់ រស់នៅចំណុចឈើដែង ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា ប្រជាកសិករទាំងចំនួន ៤នាក់ខាងលើនេះ ត្រូវបានឃាត់ និងជាការអនុវត្តកាលពីព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២០ម្សិលមិញនេះ ។ ដោយនេះជាការអនុវត្តបណ្ដឹងរបស់ឈ្មោះ វ៉ាន់ លឹមសេង ហៅហ័រ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាតំណាងក្រុមហ៊ុន(ភាពីមុិចគ្រប់)ពាក់ព័ន្ធករណីពួកគាត់សង់ខ្ទម និងធ្វើរបងហ៊ុំព័ទ្ធលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន(ភាពីមុិចគ្រប់) ខណៈលំនៅឋានរបស់ពួកគាត់នៅពីខាងក្រោយដី ដែលពួកគាត់បានរំលោភយកនេះ ៕ ដោយ៖បុឹម ពិន