នៅពេលនេះរដ្ឋកាលីហ្វ័រនីញ៉ាបាននាំមុខលើទីក្រុងញូវយ៉កក្លាយទៅជាទីតាំងដែលមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅកាលីហ្វ័រនីញ៉ាមានករណីឆ្លងកូវីដ-១៩ដល់ទៅ៤.៧០០ នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប៤១៤.០០០នាក់។
ចំណែកនៅញូវយ៉កវិញមានអ្នកឆ្លងកូវីដ-១៩សរុប ៣២.០០០នាក់ និងស្លាប់ច្រើនជាងគេបំផុតនៅអាមេរិក ដោយមានអ្នកស្លាប់សរុប៣២ពាន់នាក់។ ចំណែកកាលីហ្វ័រនីញ៉ាដែលពេលនេះមានអ្នកឆ្លងច្រើនជាងគេបំផុតនោះ មានអ្នកស្លាប់តែ៨ពាន់នាក់ប៉ុណ្ណោះ។
សារព័ត៌មានរ៉យទ័របានផ្សាយថាប្រសិនបើកាលីហ្វ័រនីញ៉ា ដែលជារដ្ឋមានពលរដ្ឋច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក គឺជាប្រទេសមួយនោះ នឹងស្ថិតនៅលំដាប់ទី៥នៅលើពិភពលោក។
ទីក្រុងញូវយ៉កមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់៤១២ពាន់នាក់ ហើយដោយក្នុងមួយថ្ងៃៗមានអ្នកឆ្លងប្រមាណ៧០០នាក់ ។ ចំណែកនៅរដ្ឋកាលីហ្វ័រនីញ៉ាវិញមានអ្នកឆ្លងសរុបក្នុងមួយថ្ងៃៗជាង៨.៣០០នាក់។
បច្ចុប្បន្ននៅលើពិភពលោកមានករណីឆ្លងកូវីដ-១៩ ជាង១៥លាននាក់ និងស្លាប់ជាង៦២៥ពាន់នាក់។ជាមួយគ្នានោះក៏មានអ្នកព្យាបាលជាសះស្បើយជាង៩,៣លាននាក់ផងដែរ។ ក្នុងចំណោម២១៣ប្រទេសដែលឆ្លងកូវីដ-១៩ គឺអាមេរិកស្ថិតនៅលំដាប់លេខមួយមានអ្នកឆ្លងសរុប ៤,១០០,៨៧៥នាក់ ស្លាប់១៤៦,១៨៣នាក់ ៕
ដោយ៖ ធី រីណា