ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល លើកទី១៦។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ បានបញ្ជាក់ថា ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៦) ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹង ដល់កម្មករនិយោជិតចំនួន ១៤,៦៨៣នាក់ នៃរោងចក្រ សហគ្រាសទាំង៤៤ នៃវិស័យកាត់ដេរ និងទេសចរណ៍ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានប្រាក់ឧបត្ថម្ភលើកទី១ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលជ្រាបថា ធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ ឧបត្ថម្ភលើកទី២ (បើកបញ្ចប់) របស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាស នាពេលកន្លងមក។
ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះមានចំនួន៤ចំណុចដូចខាងក្រោម៖
ទី១ ,ប្រាក់ចំនួន ៤០ ៥០០រៀល (១០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ ។
ទី២ ,ប្រាក់ចំនួន ៨១ ០០០រៀល (២០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ២១ថ្ងៃ ដល់៣០ថ្ងៃ ។
ទី៣ ,ប្រាក់ចំនួន ២០២ ៥០០រៀល (៥០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៣១ថ្ងៃ ដល់៤៩ថ្ងៃ ។
ទី៤ ,ប្រាក់ចំនួន ២៤៣ ០០០រៀល (៦០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៥០ថ្ងៃ ដល់២ខែ ។
បន្ថែមពីនេះទៅទៀតក្រសួង ក៏បានរំឮកថា៖ ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករនិយោជិតខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះកម្មករនិយោជិតត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ ភ្នាក់ងារវីងដែលនៅជិតបំផុត។
គួរបញ្ជាក់ថា កម្មករនិយោជិតមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ ឧបត្ថម្ភនេះ។ ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង៤៤នេះ មិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីងនោះ សូមទំនាក់ទំនងសួរព័ត៌មានបន្ថែមឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មកររោងចក្រសហគ្រាសដទៃផ្សេង ទៀតអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ៕ដោយ៖ស តារា