ខេត្តសៀមរាប៖ មន្រ្តីជំនាញអភិរក្សព្រៃឈើ អះអាងថា៖ អនុផលព្រៃឈើ វានឹងប្រាកដកើតឡើងយ៉ាងសម្បូណ៌បែប សម្រាប់ទ្រទ្រង់ជីវភាពប្រជាសហគមន៍ និងក្លាយជាតំបន់ដ៏មានសក្តានុពលសម្រាប់ការពង្រីកវិស័យទេសចរណ៍នៅកម្ពុជា ។
អនុផលព្រៃឈើនៅក្នុងតំបន់ព្រៃពូជក្រញូងកន្ទួតខ្នារក្រៅ ក្នុងដែនភូមិសាស្រ្តស្រុកស្វាយលើ និងស្រុកបន្ទាយស្រី នៃខេត្តសៀមរាប នៅក្នុងខែកក្កដានេះ បាននិងកំពុងបង្ហាញផលផ្សិតក្ងោក ផ្សិតទន្សោង និងមានផ្សិតកញ្ចូផងដែរ ហើយប្រភេទផ្សិតទាំងនេះ និងបន្តឲ្យផលរហូតដល់ចុងខែសីហាខាងមុខ បន្ទាប់ពីក្នុងតំបន់ព្រៃមួយនេះ កាលពីក្នុងមេសាកន្លងមក និងក្នុងពេលធ្លាក់ភ្ញៀងដំបូង បានផ្តល់ផលផ្សិតប៉ក់ និងការលូតលាស់ស្លឹកព្រិចប្រភេទបន្លែព្រៃ សម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ បានអាស្រ័យផល តាមរដូវកាលជារៀងរាល់ឆ្នាំ។
លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ បានឲ្យដឹងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងពេលដែលលោកកំពុងស្ថិតនៅជាមួយក្រុមប្រជាពលរដ្ឋប្រមាណជា៣០នាក់ កំពុងដកផ្សិតទាំងនោះ។ លោកបានបញ្ជាក់ឲ្យដឹងដែរថា ដោយសារតែតំបន់នេះជាតំបន់ព្រៃត្រូវការពារ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលចូលមកប្រមូលផលផ្សិតទាំងនេះ គឺត្រូវទទួលបានការអនុញ្ញាតត្រឹមត្រូវ និងត្រូវទទួលបាននូវការការពារសុវត្ថិភាពពីក្រុមឆ្មាំការពារព្រៃផងដែរ។ លោកថា កិច្ចការអភិរក្ស និងថែរក្សាព្រៃឈើ វាច្បាស់ណាស់ អនុផលព្រៃឈើដ៏សម្បូណ៌បែប វានឹងប្រាកដកើតឡើង និងជួយដល់ជីវភាពប្រជាពលរដ្ឋនៅតំបន់នេះ។
ប្រជាពលរដ្ឋដែលបានចូលមកប្រមូលផលផ្សិតនៅក្នុងព្រៃនោះ ពួកគេក្នុងម្នាក់ៗ អាចដកផ្សិតបានពី៥ ដល់ ១០គីឡូក្រាមតាមស្ថានភាពជាក់ស្តែង ព្រោះការប្រទះឃើញផ្សិតនៅក្នុងព្រៃនេះ វាផ្អែកទៅលើរបបទឹកភ្លៀងផងដែរ។ ពួកគាត់និយាយដូចៗគ្នាថា៖ បើសិនជារកផ្សិតបានតិចគឺទុកសម្រាប់ហូបក្នុងគ្រួសារ ហើយបើរកបានច្រើនគឺទុកសម្រាប់ហូបខ្លះ និងសម្រាប់លក់ខ្លះ។ ការនិយាយឲ្យដឹងយ៉ាងដូច្នេះ គឺចង់បង្ហាញក្នុងន័យថា វាពុំមែនដោយសារតែភាពក្រីក្របង្ខំឲ្យពួកគាត់មកបេះផ្សិតនោះទេ តែជាប្រពៃណីប្រចាំរដូវ ដែលពួកគាត់ត្រូវចូលមកប្រមូលផលនៅក្នុងព្រៃនេះ។ យ៉ាងណាក៏ដោយ អនុផលព្រៃឈើបានជួយទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់ ហើយពួកគាត់ក៏ទទួលស្គាល់ដែរថា មិនបំផ្លាញព្រៃឈើ ទើបទទួលផលយ៉ាងដូច្នេះ។
គួរបញ្ជាក់ដែរថា តំបន់ព្រៃពូជក្រញូងនេះ មានទំហំ ១,៨៨៨ហិចតា មិនត្រឹមតែជាចំការឈើពូជក្រញូងដ៏មានគុណភាពនិងធំជាងគេក្នុងប្រទេសកម្ពុជានោះទេ តែដោយសារដ៏មានសក្តានុពលចម្រុះនោះ តំបន់នេះកំពុងធ្វើដំណើរក្នុងគំរោងដ៏ធំមួយ ឆ្ពោះទៅរកគោលដៅទេសចរណ៍លំហែរធម្មជាតិ សម្រាប់អនាគត៕
ប្រភព៖ ទទក