លោក Jun Wei Yeo សញ្ជាតិសឹង្ហបុរីបានសារភាព ថា ខ្លួនបានប្រើប្រាស់តួនាទីជាអ្នកប្រឹក្សានយោបាយ នៅអាមេរិក ដើម្បីប្រមូលព័ត៌មានចារកម្មឲ្យប្រទេសចិន។
សារព័ត៌មាន Bloomberg បានដកស្រង់ប្រភពព័ត៌មានពី ក្រសួងយុត្តិធម៌អាមេរិកបានឲ្យដឹងថា លោក Jun Wei Yeo បានសារភាពទៅកាន់តុលាការក្នុងទីក្រុងវ៉ាស៊ីនតោនថា លោកបានផ្តល់ឲ្យចិននូវព័ត៌មានដែលមានតម្លៃ ស្តីពី ជនជាតិអាមេរិក ដែលមានសិទ្ធនៅក្នុងការ ទទួលបានព័ត៌មាន សម្ងាត់មានតម្លៃ ក្នុងនោះមានទាំងបុគ្គលិករដ្ឋាភិបាលនិងកម្លាំងយោធាផងដែរ។
លោក Jun Wei Yeo បានសារភាពថា លោកបានធ្វើការនេះក្នុងអំឡុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ។ លោកក៏បានផ្តល់ប្រាក់ដល់បុគ្គលមួយចំនួន ដើម្បីសរសេររបាការណ៍ ដើម្បីផ្តល់ឲ្យអតិថិជននៅអាស៊ី តែតាមការពិតលោកបាផ្តល់ឲ្យក្រុមចារកិច្ចចិន។
តាមសារព័ត៌មាន SCMP បានផ្សាយថា លោក Jun Wei Yeo អាយុ៣៩ ឆ្នាំបានបង្កើតក្រុមហ៊ុន ក្លែងក្លាយនៅឆ្នាំ២០១៨ ដើម្បីជ្រើសរើស បុគ្គលិក អ្នកដែលមានវិបត្តិសេដ្ឋកិច្ច។ បុគ្គលិកដែលJun Wei Yeo បានជ្រើសរើសមានអ្នក មន្ត្រីដែលមានបទពិសោធ ក្នុងគម្រោងផលិតយន្តហោះចម្បាំងF-35B ។ មន្ត្រីយោធាមានបទពិសោធនៅអាហ្វហ្គានីស្ថាន និងមន្ត្រីការបរទេសផងដែរ។ នៅក្នុងអត្ថបទ របាយការណ៍ និមួយៗ នឹងទទួលបានប្រាក់២ពាន់ដុល្លារ ។
លោកJun Wei Yeo ត្រូវបានចាប់ខ្លួននៅអាមេរិកកាលពីខែវិច្ឆិកាឆ្នាំ២០១៩ ហើយនឹងត្រូវកាត់ទោស នៅខែតុលាខាងមុខ។ ការសារភាពទទួលទោស នាពេលនេះរបស់លោកJun Wei Yeo ក្នុងពេលដែលទំនាក់ទំនងរវាងអាមេរិកនិងចិនកំពុងតែតានតឹង ហើយអាចនឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង៕ដោយ៖ធីរីណា