សម្តេចតេជោ ហ៊ុន សែន ៖ សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ ថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ 15,581,009 នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ 635,173 នាក់។ រីឯប្រទេសកម្ពុជាយើងវិញអ្នកឆ្លងមេរោគកូវីដ-១៩ គឺបានកើនដល់ 225 នាក់ អ្នកព្យាបាលជាមានចំនួន143 នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន 82 នាក់។ ប្រទេសយើងគ្មានអ្នកស្លាប់ទេ ហើយជំងឺកូវីដ-១៩ នេះគឺមិនកើតក្នុងប្រទេសយើងដែរ គឺឆ្លងតាមអ្នកដំណើរមកពីក្រៅប្រទេស។

សម្តេចថ្លែងបន្តថា៖ ថ្មីៗនេះយើងបានឃើញចំនួនអ្នកមានមេរោគកូវីដ-១៩ ចំនួនច្រើនគឺជាអ្នកធ្វើដំណើរតាមជើងយន្តហោះមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដូច្នេះហើយពេលនេះកម្ពុជាយើងបានសម្រេចផ្អាកជើងហោះហើរមកពីប្រទេសទាំងពីរនេះជាបណ្តោះអាសន្នសិន។

សម្តេចសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សម្តេចមានប្រសាសន៍លើកឡើងថា៖ អ្វីដែលយើងទាំងអស់គ្នាអាចធ្វើបានងាយៗគឺ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត។

សម្តេចសូមជូនពរបងប្អូនសុខសប្បាយ និងចៀសផុតពីជំងឺកូវីដ-១៩ នៅគ្រប់ទីកន្លែងទាំងក្នុងនិងក្រៅប្រទេស៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print