ខេត្តសៀមរាប៖ តើបងប្អូនជនរួមជាតិ និងភ្ញៀវបរទេស ធ្លាប់មកទស្សនាព្រះអាទិត្យអស់ស្ដង្គតពីលើកំពូលភ្នំ គួបផ្សំជាមួយទេសភាពវាលស្រែដ៏ខៀវស្រងាត់ដាច់កន្ទុយភ្នែក និងគយគន់បឹងទន្លេសាបពីចម្ងាយ សូមកុំខកខានក្នុងការមកទស្សនាភ្នំក្រោមនារដូវវស្សាដើម្បីបានឃើញនៅផ្ទាំងទស្សនីយភាពនេះ។
បើយោងតាម អង្គភាព មន្ទីទេសចរណ៍ខេត្តសៀមរាប បានអោយដឹងថា៖ ភ្នំក្រោមគឺជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តដែលភ្ញៀវទេសចរគ្រប់រូបពុំគួរមើលរំលង ពេលធ្វើដំនើរកម្សាន្តមកកាន់ខេត្តសៀមរាប។ ទីនេះក៏ជាកន្លែងដែលល្អបំផុតក្នុងការគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទបុរាណ និងទេសភាពវាលស្រែយ៉ាងធំល្វឹងល្វើយ ជាមួយព្រះអាទិត្យរៀបលិចផងដែរ។
ភ្នំក្រោមមានចម្ងាយប្រហែល 10 គីឡូម៉ែត្រ ស្ថិតនៅខាងត្បូងក្រុងសៀមរាប និងខាងជើងបឹងទន្លេសាប។ នៅលើកំពូលភ្នំមានប្រាសាទមួយក្រុមដែលបានសាងសង់ឡើងពីថ្មភក់ នៅចុងសតវត្សទី9 និងដើម្បីសតវត្សទី10 ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១។
ភ្ញៀវទេសចរទាំងអស់អាចធ្វើដំណើរទៅលើកំពូលភ្នំបានតាមរយៈការថ្មើរជើងតាមជណ្ដើរ ឬបើសិនលោកអ្នកមិនចង់ចំនាយកំលាំងច្រើនក្នុងការដើរ យើងសូមណែនាំអោយលោកអ្នកធ្វើដំណើរដោយប្រើប្រាស់យាន្តជំនិះផ្ទាល់ខ្លួនផ្សេងៗដូចជាឡាន ម៉ូតូ តាមផ្លូវកៅស៊ូឡើងដល់កំពូលភ្នំតែម្ដង៕
ដោយ៖ សិលា