ខេត្តឧត្តរមានជ័យ៖ កម្ពុជា មិនត្រឹមតែជាទឹកដីសុវណ្ណភូមិ សុខសន្តិភាព កំពុងអភិវឌ្ឍន៍ក្នុងក្របខណ្ឌប្រទេសប៉ុណ្ណោះ គឺសំបូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិដ៏ច្រើនឥតគណនា។ តើបងប្អូនបានទៅកម្សាន្តឬនៅ ឯរមណីយដ្ឋាន (រលុះធំ)បាន ក្លាយជាគោលដៅទេសចរណ៍ថ្មីមួយ របស់ ខេត្តឧត្តរមានជ័យ ។
សូមបញ្ជាក់ថា៖ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ (រលុះធំ) ស្ថិតក្នុងភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរ មានជ័យ និងខាងជើងឈៀងខាងលិច នៃ ភូមិក្បាលចាស់ ចម្ងាយប្រហែល៦ គីឡូម៉ែត្រ។
បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរ មានជ័យបានឱ្យដឹងថា៖ ផ្ទាំងដីច្រោះផុសត្រដែតឡើងជាជួរៗ នៅរមណីយដ្ឋាន(រលុះ ធំ)គឺជាទស្សនីយភាព ដ៏ប្លែក និងកម្រ មាននៅតំបន់ទេសចរណ៍នានានៅកម្ពុជា ។ ក្រៅពីដីច្រោះធម្មជាតិ ដ៏ប្លែកភ្នែក ហើយដី ច្រោះទាំងនេះ នឹងបញ្ចេញពណ៌មាស នៅពេលពន្លឺព្រះអាទិត្យបញ្ចេញរស្មីប៉ះចំ ផ្ទាំងដី ដែលរឹងដូចថ្ម ទាំងនោះហើយបង្កើន សម្រស់(រលុះធំ)ឲ្យកាន់តែទាក់ទាញ អស្ចារ្យមួយកម្រិតទៀត។
បងប្អូនប្រជាពលរដ្ឋតែងទៅផ្តិតរូបភាពនៅទីនោះ ជាច្រើននាក់ក្នុង១ថ្ងៃៗ ពោពេញទៅដោយការជាប់ចិត្ត និងស្រឡាញ់ធម្មជាតិនៅទីនោះ។
ប្រធានមន្ទីរ ទេសចរណ៍ខេត្ត ឧត្តរមានជ័យ លោកស្រី ធិននី មុន្នីរស្មី បានបន្តថា ៖ រមណីយដ្ឋាន(រលុះធំ)មានភ្ញៀវទេសចរ កើនឡើង ចាប់តាំងពីឆ្នាំ២០១៩មក ហេដ្ឋារចនាសម្ព័ន្ធ បានទៅដល់ និងមានការ ផ្សព្វផ្សាយពីរូបភាព នៃសម្រស់ ដ៏ ទាក់ទាញរបស់ ដីច្រោះទាំងនោះ របស់មន្ទីរ ទេសចរណ៍ខេត្ត និងភ្ញៀវទេសចរ ដែល ទៅលេងនៅតំបន់នោះ ។
លោកស្រី ធិននី មុន្នីរស្មី បន្ថែមថា ៖« មន្ទីរ ទេសចរណ៍បាន សិក្សាពីតំបន់នេះ តាំងពី ឆ្នាំ២០០៦ មកម្ល៉េះ តែដោយសារ ហេដ្ឋារចនាសម្ព័ន្ធ មិនទាន់ទៅដល់ទើប ទីនោះ មិនទាន់ល្បី ។ ក្រោយពី ហេដ្ឋារចនាសម្ព័ន្ធផ្លូវកៅស៊ូទៅដល់ធ្វើឲ្យ(ដី រលុះ)នោះលេចត្រដែតនៅ នឹងមាត់ផ្លូវជាតិ ធ្វើឲ្យទេសចរងាយស្រួលទៅដល់ ទើបតំបន់ដីរលុះធម្មជាតិ មួយនេះមានភាពល្បីល្បាញ » ។
សូមកុំភ្លេចណាបងប្អូន អញ្ជើញទៅកម្សាន្ត ប្រាកដជាមិនជិនណាយឡើយ៕
ដោយ៖ សិលា