ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡា ទោចក្រយាន សហកា ជាមួយសមាគម ប្រណាំងកីឡា ទោចក្រកម្ពុជា នៅប្រទេស បារាំងគ្រោង នឹងបញ្ជូនជម្រើសជាតិ ឈុតធំ៣នាក់ ដើម្បីទៅហ្វឹកហាត់ រយៈពេល៣ខែ នៅប្រទេសបារាំង នាខែកញ្ញា ឆ្នាំ២០២០។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡា ទោចក្រយាន បញ្ជាក់ថា ក្នុងកិច្ច សហការ រវាងសហព័ន្ធខ្មែរកីឡា ទោចក្រយាន និងសមាគម ប្រណាំងកីឡា ទោចក្រកម្ពុជានៅ ប្រទេសបារាំង (Cambodia Cycling Academy) គឺបានឯកភាព សម្របសម្រួលគ្នា ដើម្បី បញ្ជូនកីឡាករ ជម្រើសជាតិ ឈុតធំ ចំនួន៣នាក់ ចូលរួមការហ្វឹកហាត់ រយៈពេលវែង ក្នុង រយៈពេល៣ខែ នៅប្រទេសបារាំង។ ក្នុងការបញ្ជូនកីឡាករ ទៅហ្វឹកហាត់ នេះផងដែរ ខាង សមាគមកីឡា ទោចក្រយាន នៅប្រទេសបារាំង ជាអ្នករ៉ាប់រង លើលិខិតស្នាមនានា ការស្នាក់នៅ ហូបចុក និងសំបុត្រ យន្តហោះធ្វើដំណើរ ទៅមកជូនក្រុមកីឡាករ កម្ពុជា។ ក្រុមជម្រើសជាតិឈុតធំ ទាំង៣នាក់នេះ នឹងត្រូវហ្វឹកហាត់ ជាមួយក្រុមកីឡាករ បរទេស និងគ្រូបង្វឹក ជាជនជាតិបារាំង ដើម្បីបង្កើន សមត្ថភាព បទពិសោធន៍ និងដើម្បីត្រៀមចូលរួម ការប្រកួត ជាអន្តរជាតិនានា ជាពិសេសត្រៀម ចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេស វៀតណាម និងកីឡា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលបាន សិទ្ធិធ្វើជាម្ចាស់ផ្ទះ។
អគ្គលេខាធិការ រូបនេះ បន្ថែមទៀតថា បន្ទាប់ពី បានសម្ភាសន៍ និងរៀបចំ គ្រប់ឯកសារ រួចរាល់ហើយនោះ ក្រុមកីឡាករកម្ពុជា គ្រោងចេញដំណើរ ទៅហ្វឹកហាត់ នៅប្រទេសបារាំង នាខែកញ្ញា ឆ្នាំ២០២០។ ក្រុមជម្រើសជាតិ កីឡាទោចក្រយាន ទាំង៣នាក់នេះ រួមមាន៖ កីឡាករ យឿន ភីយុទ្ធ កីឡាករ ហួត លយរស្មី និងកីឡាករ គឹម ចាន់ធូ៕
ដោយ៖ សិលា