ខេត្តព្រះវិហារ៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀត បានរងរបួសធ្ងន់ស្រាលក្នុងករណីផ្ទុះក្បាលគ្រាប់ត្បាល់ប្រភេទ ៦០ ម.ម កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដូនម៉ុក ឃុំកន្ទួតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អធិកានគរបាលស្រុកជាំក្សាន្តលោកវរសេនីយ៍ទោឱ សេង បានឲ្យដឹងថា ហេតុការណ៍ដែលបណ្តាលឲ្យមានករណីផ្ទុះគ្រាប់យុទ្ធភណ្ឌប្រភេទក្បាលគ្រាប់កាំភ្លើងត្បាល់ប្រភេទ៦០ ម.ម នេះដោយសារដំបូងបុរស ឈ្មោះ សំ ស្មាន ភេទប្រុស អាយុ៤២ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់សាកសពកុមារារងគ្រោះបានទៅស្រែហើយក៏បានប្រទះឃើញក្បាលគ្រាប់កាំភ្លើងត្បាល់ប្រភេទនេះ ក៏បានរើសកាន់មកទុកចោលនៅក្បែរផ្ទះដោយមិនបានរាយការណ៍ទៅកាន់ក្រុមស៊ីម៉ាក់ ដើម្បីយកទៅកម្ទេចចោលនោះទេ។ ចៃដន្យក្នុងថ្ងៃកើតហេតុកូនរបស់បុរសខាងលើរួមនឹងកុមារីក្នុងភូមិ២នាក់ទៀត មកលេងនៅមុខផ្ទះបានប្រទះឃើញក្បាលគ្រាប់នេះក៏យកមកដំលេងបណ្តាលឲ្យផ្ទុះឡើងយ៉ាងកក្រើកទាំងកណ្តាលថ្ងៃត្រង់ ស្លាប់ម្នាក់រងរបួស២នាក់តែម្តង។
ប្រភពដដែលបញ្ជាក់ថា កុមារាកុមារីដែលរងគ្រោះក្នុងកាផ្ទុះក្បាលគ្រាប់កាំភ្លើងត្បាល់ប្រភេទ៦០ មមខាងលើនោះរួមមាន ទី១៖ ឈ្មោះ ស្មាន់ ម៉ា ភេទប្រុស អាយុ៥ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ ទី២៖ ឈ្មោះ អឹម ម៉ារ៉ា ភេទស្រី អាយុ៤ឆ្នាំ រងរបួសធ្ងន់និងទី៣៖ ឈ្មោះ ហេង ពៅ ភេទស្រី អាយុ៤ឆ្នាំ ររបួសធ្ងន់
។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅធ្វើកោសល្យវិច័យដោយសន្និដ្ឋានថា កុមារាដែលស្លាប់ និងរងរបួសខាងលើនេះ បណ្តាលមកពីផ្ទុះគ្រាប់កាំភ្លើងត្បាល់ប្រភេទ៦០ ម.មប្រាកដមែន។
ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពកុមារារងគ្រោះឲ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី ដោយឡែកកុមារីដែលរងរបួសធ្ងន់ទាំង២នាក់ខាងលើ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារទាំងរន្ធត់៕ដោយ÷ប្រាថ្នា