អាជ្ញាធរ​ចិន បាន​ចូល​គ្រប់គ្រង​កុងស៊ុល​អាមេរិក​នៅ​ទីក្រុង​ឆឹង​ទូ ខេត្ត​ស៊ី​ឈ័ន ក្រោយ​បិទ​តាម​ការបញ្ជា​របស់​រដ្ឋា​ភិ​បាល​ចិន

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពី​រដ្ឋា​ភិ​បាល​ចិន បានចេញបញ្ជាឲ្យបិទកុងស៊ុល​អាមេរិក​នៅ​ទីក្រុង​ឆឹង​ទូ ដែលជាការ​សងសឹកចំពោះ​អាមេរិក​ដែល​បញ្ជា​ឲ្យ​ចិន​បិទ​កុងស៊ុល​នៅ​រដ្ឋ​តិច​សាស់​។ ចុះនៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរ​ចិន បាន​ចូល​គ្រប់គ្រង​កុងស៊ុល​អាមេរិក​នៅ​ទីក្រុង​ឆឹង​ទូ ខេត្ត​ស៊ី​ឈ័ន​។ ចំណែក​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​ទីក្រុង​ហ៊ូ​ស្តុ​ន​ឯណោះ ក៏បាន​បិទ​រួចហើយ​តាម​ការកំណត់​របស់រ​ដ្ឋា​ភិ​បាល​អាមេរិក​។

​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​ចិន​ អះអាងថា នៅ​វេលាម៉ោង​១០​ព្រឹក ថ្ងៃទី​២៧ ខែកក្កដានេះ កុងស៊ុល​អាមេរិក​នៅ​ឆឹង​ទូ ត្រូវបាន​បិទ​តាម​សំណើ​ភាគី​ចិន​។ ហើយក្នុងការ​ប្រកាស​ថ្ងៃទី​២៧ ខែកក្កដា ក្រសួងការបរទេស​ចិន​បន្តថា អាជ្ញាធរ​ចិន​ក៏បាន​ចូលក្នុង​កុងស៊ុល​តាម​ទ្វារ​មុខ ហើយ​គ្រប់គ្រង​អាគារ​ទាំងមូល​។

​គួរបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ដដែល ទង់ជាតិ​របស់​អាមេរិក ត្រូវបាន​បង្ហូត​ទម្លាក់ ដែល​នេះ​ជា​សញ្ញា​នៃ​ការឈាន​ទៅដល់​ការបិទ​កុងស៊ុល​អាមេរិក​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​រដ្ឋ​ចិន CCTV ។ កាលពី​ថ្ងៃទី​២៥ ខែកក្កដា សញ្ញា​ជាតិ​របស់​អាមេរិក​ដែលមាន​រូប​ឥន្ទ្រី ត្រូវបាន​ដក​ទុក​ផងដែរ​។ នៅ​ថ្ងៃទី​២៤ ខែកក្កដា ចិន​ទុកពេល​ឲ្យ​អាមេរិក​៧២​ម៉ោង​ដើម្បី​បិទ​ស្ថាន​បេសកកម្ម​មួយ​នេះ​។​

​ដោយឡែកទីភ្នាក់ងារ​ព័ត៌មាន AFP បានចេញផ្សាយ​ថា ផ្លូវ​ឆ្ពោះទៅកាន់​អាគារ​កុងស៊ុល​អាមេរិក​នេះ ត្រូវបាន​បិទ ហើយ​ប៉ូលិស​ចិន បាន​ក៏បាន​បិទ​ការធ្វើ​ចរាចរណ៍​ផងដែរ​។ នៅ​ចុង​សប្ដាហ៍​មុន អាមេរិក ចាប់ផ្ដើម​ដឹកជញ្ជូន​ឥ​វ៉ាន់​ចេញពី​កុងស៊ុល​របស់ខ្លួន​មុន​កាលកំណត់​៧២​ម៉ោង​មកដល់​។ ទូ​កុងតឺន័រ ដែល​ទំនងជា​សម្ភារ​សំខាន់ ត្រូវបាន​ដឹក​ចេញ​ជា​បន្តបន្ទាប់​។

​បច្ចុប្បន្នទីក្រុង​ប៉េកាំង ចាត់ទុក​ការបិទ​កុងស៊ុល​អាមេរិក​នេះ ជាការ​សិទ្ធិ​ស្របច្បាប់​របស់ខ្លួន និង​ជាការ​ឆ្លើយតប​ចាំបាច់​ទៅនឹង​ទីក្រុង​វ៉ាស៊ីនតោន​ដែល​បញ្ជា​ឲ្យ​បិទ​កុងស៊ុល​ចិន​ប្រចាំ​ទីក្រុង​ហ៊ូ​ស្តុ​ន រដ្ឋ​តិច​សាស់​។ កុងស៊ុល​របស់​ចិន បាន​បិទ​រួចរាល់​អស់ហើយ តែ​ការ​ផ្លោង​សម្ដី​ក៏​កើតមាន​។ ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​២៥ ខែកក្កដា បាន​រិះគន់​មន្ត្រី​អាមេរិក​ដែល​គាស់​ទ្វារ​ទម្លុះ​ចូល​កុងស៊ុល​របស់ខ្លួន ដោយ​ចាត់ទុកជា​ការខុសច្បាប់​អន្តរជាតិ ព្រោះ​ទីនោះ​នៅតែ​ជា​ដែន​អធិបតេយ្យ​របស់​ចិន​នៅឡើយ​។​

​ជាក់ស្តែងការបិទ​ស្ថាន​កុងស៊ុល​នៅក្រុង​ឆឹង​ទូ ត្រូវបាន​គេ​ឃើញថា ជា​វិធានការ​ទន់ភ្លន់​របស់​ចិន​ដែល​មិន​ចង់​ឲ្យ​ទំនាក់ទំនង​ជាមួយ​អាមេរិក​កាន់តែ​យ៉ាប់យ៉ឺន​។ កុងស៊ុល​អាមេរិក​មួយ​នេះ មិនសូវ​សំខាន់​ប៉ុន្មាន​ឡើយ ហើយ​មាន​ទំហំ​តូច​បើ​ប្រៀបធៀប​កុងស៊ុល​អាមេរិក​ឯទៀត​ដូចជា​នៅ​សៀង​ហៃ ឬ​គ័ង​ចូ​វ​ជាដើម ខណៈ​កុងស៊ុល​ចិន​នៅ​ហ៊ូ​ស្តុ​ន​ដែល​អាមេរិក​ចោទថា ជាទី​តាំង​លួច​កម្មសិទ្ធិបញ្ញា​អាមេរិក​នោះ ក៏​មិនសូវ​ធំដុំ​ដែរ​។ ក្រសួងការបរទេស​ចិន​អះអាងថា មន្ត្រី​កុងស៊ុល​អាមេរិក​នៅ​ឆឹង​ទូ ធ្វើ​សកម្មភាព​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​របស់ខ្លួន​។​

​សូមជម្រាបថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏បាន​បង្ហើប​ដែរ​ថា អាមេរិក​អាច​នឹង​បិទ​កុងស៊ុល​ចិន​បន្ថែមទៀត​។ ក្រៅពី​ហ៊ូ​ស្តុ​ន ចិន​មាន​កុងស៊ុល​ញូវយ៉ក ឡូ​ស​អែន​ជែ​លេស ឈី​កា​ហ្គោ និង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ បន្ថែម​ពីលើ​ស្ថានទូត​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print