ក្រុមហ៊ុនអាកាសចរណ៍នានា ត្រូវលុបរាល់ជើងហោះហើរចេញចូលទៅក្រុងដាណាង ប្រទេសវៀតណាម ធ្វើឲ្យអ្នកដំណើរ ជាង៣០០នាក់ ត្រូវជាប់គាំងនៅទីក្រុងរម្មណីយដ្ឋានឆ្នេរសមុទ្រមួយនេះ។ សណ្ឋាគារនៅទីក្រុងនេះ បានប្រកាសបញ្ចុះតម្លៃដល់ភ្ញៀវដែលបានជាប់គាំង ដោយសារតែការបិទទីក្រុង។
ភ្ញៀវទេសចរណ៍មកពីតំបន់ផ្សេងៗទៅកម្សាន្តនៅទីក្រុងដាណាង តាំងពីថ្ងៃទី២៣ ខែកក្កដា ហើយគ្រោងវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២៨ខែកក្កដា។ ប៉ុន្តែជើងហោះហើរចេញ-ចូលទីក្រុងដាណាងត្រូវបានបិទចាប់ពីយប់ថ្ងៃទី ២៧ ខែកក្កដា ធ្វើឲ្យគម្រោងដំណើរកម្សាន្តនានាត្រូវជាប់គាំង។
សណ្ឋាគារ ទាំងអស់នៅក្នុងទីក្រុងដាណាងទទួលបានការបញ្ចុះតម្លៃដល់ទៅពាក់កណ្តាល ដើម្បីសម្រួលដល់ភ្ញៀវទេសចរណ៍មិនអាចវិលត្រឡប់ទៅផ្ទះវិញ។
លើសពីនេះទៅទៀត ភ្ញៀវដែលកក់បន្ទប់សណ្ឋាគាររួចរាល់ ប៉ុន្តែមិនបានទៅកម្សាន្តនៅទីនោះ ក៏ត្រូវបានម្ចាស់សណ្ឋាគារសងប្រាក់កក់វិញ១០០ភាគរយផងដែរ។
ពាក់ព័ន្ធករណីឆ្លងកូវីដ១៩ នៅទីក្រុងដាណាង គិតដល់វេលាម៉ោង ១៨ ថ្ងៃទី២៨ខែកក្កដា តាមរបាយការណ៍របស់មន្ទីរប្រយុទ្ធប្រឆាំងកូវីដ១៩ទីក្រុងដាណាងបានឲ្យដឹងថា មានអ្នកឆ្លងថ្មីបន្ថែម៧ករណីទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសវៀតណាមកើនឡើងដល់៤៣៨នាក់៕